បេក្ខជនៈ សៅ ឧត្តម
ច្រៀងបទៈ​ លាស្រីចិត្តពីរ
ឧត្តមតែងតែផ្តល់ភាព សប្បាយរីករាយជានិច្ច រាល់ឡើងឆាកម្តងៗ​។ តែអាទិត្យនេះ ខ្ញុំយល់ថា ឧត្តម ដូចជាមិនសូវមានអ្វីប្លែកពីអាទិត្យមុនសោះឡើយ ស្ទីលច្រៀងរបស់គាត់នៅមិនទាន់មានអី្វប្លែកជាងមុនឡើយ។



បេក្ខជនៈ ម៉ៅ ហាជី
ច្រៀងបទៈ​ ទឹកភ្នែកជំនួសវាចា
គាត់ជាបេក្ខជន ដែលមានអ្នកគាំទ្រច្រើន ហើយជាបេក្ខជនដែលមាន សក្តានុពលសំរាប់ការច្រៀងបទរបស់ អ្នកស្រី ហ៊ឹមស៊ីវន ឃើញថាច្រៀងបានប្រសើរ។ តែនៅពេលចាប់ផ្តើម ហាក់បីមិនសូវមានទំនុកចិត្ត ព្រោះតែការប្តូរឃី អោយត្រូវតាមសំលេងរបស់គាត់ ហើយត្រង់ចំណុចផ្សេងៗ គឺច្រៀងបានល្អ នេះគឺដោយសារតែសំលេងធម្មជាតិរបស់គាត់ធ្ងន់ល្អ។ ថ្វីត្បិតតែគាត់ច្រៀងបទនេះល្អមែន តែគាត់មិនបានបង្ហាញការច្នៃប្រឌិតក្នុងការច្រៀងនៅឡើយទេ។ ខ្ញុំសង្កេតឃើញថាក្នុងបទនេះ មិនមានអ្វីគួរអោយចងចាំឡើយ។



បេក្ខជនៈ នី រតនា
ច្រៀងបទៈ​ បិទទ្វារបេះដូង
រតនា មានសំលេងផ្អែមស្រទន់ ហើយរូបរាងសង្ហារ​ទៀត មិនមានអ្វីប្លែកទេបើគាត់មានអ្នកគាំទ្រច្រើន។​ សប្តាហ៍នេះគាត់នៅតែបន្តបង្ហាញសមត្ថភាពដ៏ខ្លាំងរបស់ខ្លួន​ ដែលធ្វើអោយទស្សនិកជន និង គណកម្មកាពេញចិត្តជាខ្លាំង។ សង្ឃឹមថាគាត់បន្តផ្តល់នូវ ភាពភ្ញាក់ផ្អើលដល់យើងគ្រប់គ្នា។



បេក្ខនារីៈ សុវត្ថិឌី ធារិកា
ច្រៀងបទៈ​ ដើម្បីអ្នកម្តាយ
ធារិកា ជាបេក្ខនារី មួយរូបដែលមានអ្នកគាំទ្រច្រើនក៏ព្រោះតែសំលេង ដ៏ស្រួយស្រិបរបស់នាង។ សំរាប់ការច្រៀងក្នុងអាទិត្យនេះ ឃើញថាមានប្រៀបជាង បេក្ខជនប្រុស ទាំងអស់ព្រោះនាងច្រៀងបទស្រី។ នាងសំដែងបានល្អ រួមទាំងសំលេងនិងកាយវិការ នាងដើរពីម្ខាងទៅម្ខាងមិននៅធ្មឹងឡើយ ធ្វើអោយឃើញថាភាពរស់រវើក។ ទោះជាយ៉ាងណាខ្ញុំគិតថា ការសំដែងទាំងអស់ តាំងពីបេក្ខជនរហូតដល់ រូបនាង មិនមានអ្វីប្លែកខ្លាំង ដែលធ្វើអោយយើងរំភើបនោះទេ គឺហាក់បីដូចជាអង្គុយមើលគេប្រលងច្រៀង ខារ៉ាអូខេ អញ្ចឹង។ សង្ឃឹមថាសប្តាហ៍ក្រោយៗ នឹងមាន​ការ បន្ថែមគំនិតច្នៃប្រឌិតក្នុងការច្រៀងចំរៀងនីមួយៗ។



បេក្ខជនៈ មាស មុន្នីរាជ
ច្រៀងបទៈ​ រោងការគ្មានកូនក្រមុំ
ខ្ញុំសូមសរសើរ ពីសមត្ថភាពរបស់ មុន្នីរាជ សំលេងគាត់អាចច្រៀងបាន ចំរៀងស្ទើរគ្រប់សម័យកាលទាំងអស់។ សប្តាហ៍នេះ ទាំងការស្លៀកពាក់ កាយវិការសំដែង និង ការបញ្ចេញសំនៀង​ រួមទាំងការសរសើរពីសំណាក់គណកម្មកាផងនោះ សុទ្ធតែជាសញ្ញាដ៍ល្អមួយ ដែលអាចអោយ មុន្នីរាជ អាចឆ្លងផុត ការប្រកួតប្រជែងសប្តាហ៍ទី៤នេះ។



បេក្ខជនៈ សឿម សំនិត
ច្រៀងបទៈ​ មឺុនពាន់សន្យា
ពីរសប្តាហ៍ចុងក្រោយនេះ ពិតជាមានកាលំបាកច្រើនសំរាប់ សំនិត ព្រោះថា វាឃ្លាតឆ្ងាយពីប្រភេទចំរៀងដែលគាត់ពូកែ។ សំនិតជាមនុស្សម្នាក់ដែលមាន ទេពកោសល្យធម្មជាតិ និងការច្នៃប្រឌិតខ្ពស់។ សំរាប់ការសំដែងក្នុងយប់នេះ ឃើញថាគាត់ច្រៀងបានល្អប្រសើរ តែខ្ញុំគិតថាបើគាត់ច្រៀង ឃីខ្ពស់ជាងនេះបន្តិច ប្រហែលជារឹតតែប្រសើរជាងនេះ។



បេក្ខនារីៈ​ សុន ចន្ថន
ច្រៀងបទៈ​ ស្រីណាមិនយំ?
គាត់មានឳកាសច្រើន ក្នុងការដណ្តើមយកកៅអីប្រកួតនៅសប្តាហ៍ក្រោយ ព្រោះថាគាត់ពូកែច្រៀងបទសម័យដើម។ ប៉ុន្តែ គាត់ហាក់ដូចជានៅតែភ័យពេលឡើងឆាកច្រៀងម្តងៗ ហើយស្ទីលច្រៀងគាត់ហាក់ដូចជានៅដដែលៗ អត់មានអ្វីប្លែកគួរអោយចាប់អារម្មណ៍ឡើយ។



បេក្ខជនៈ អ៊ាម វន្នី
ច្រៀងបទៈ​ វាលស្រែវាលស្រូវ
វន្នី ជាបេក្ខជនមានសំលេងមួយ ប្លែកពិសេស។ ប្រភេទចំរៀងសំរាប់សប្តាហ៍នេះ សាកសមនិងប្រភេទសំលេង របស់  វន្នី។ ដូចនេះ ហើយឃើញថាគាត់ច្រៀងបានល្អមែនទែន!



អ្នកដែលអាចឈានជើងចូលវគ្គ  Live Show Week 5 មានដូចជា៖
អ៊ាម វន្នី
មាស មុន្នីរាជ
សុន ចន្ថន
នី រតនា
ម៉ៅ ហាជី
សុវត្ថិឌី ធារិកា
សៅ ឧត្តម

គួរអោយសោកស្តាយចំពោះ សឿម សំនិត ដែលមិនបានឆ្លងផុតសប្តាហ៍នេះ ទោះបីជាយ៉ាងណាក៏ដោយ គាត់គឺជាបេក្ខជនដែលមានគំនិតច្នៃប្រឌិត ជាងគេក្នុងការច្រៀង សង្ឃឹមថាការចាកចេញពីកម្មវិធីនេះគឺជាចំនុចចាប់ផ្តើមថ្មីមួយរបស់គាត់ក្នុងការស្វែងរកគោលដៅក្នុងជីវិត។