សួស្តី! សមាជិកខ្មែរឌីសកាសសិនទាំងអស់គ្នា​  :D
ថ្ងៃនេះខ្ញុំចង់ណែនាំអាហារមួយប្រភេទឱ្យអ្នកទាំងអស់គ្នាបានស្រក់ទឹកមាត់។ ដោយសារខ្ញុំទទួលបានអាហារូបករណ៍មកសិក្សា នៅសាកលវិទ្យាល័យមួយកន្លែង ក្នុងភាគឦសាននៃប្រទេសថៃ ទើបធ្វើឱ្យខ្ញុំជាប់ចិត្តទៅលើអាហារមួយប្រភេទនេះយ៉ាងខ្លាំង និយាយបានថា ហូបសឹងរាល់សប្តាហ៍។ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ភ្លក់រសជាតិរួចមកហើយ។ ចង់ដឹងហើយមែនទេ?
អាហារដែលខ្ញុំចង់ណែនាំនោះគឺ "បុកល្ហុង"​ តើបុកល្ហុងនៅប្រទេសថៃ និងកម្ពុជាមានលក្ខណៈដូច ឬខុសគ្នាយ៉ាងម៉េចខ្លះ? ហើយវាមានប៉ុន្មានប្រភេទ? តើអ្នកចូលចិត្តមួយណាជាងគេ? សូមមើលទាំងអស់គ្នា!!
បុកល្ហុង គឺជាអាហារមួយប្រភេទដែលគេយកល្ហុងខ្ចីឈូស ឬសាប់ជាសសៃតូចៗ មកបុកក្នុងត្បាល់ ព្រមជាមួយគ្រឿងផ្សំផ្សេងៗ ដូចជា ប៉េងប៉ោះ ត្រប់ស្រួយ សណែ្តកគួរ ខ្ទឹមស ម្ទេសស្រស់ ឬម្ទេសក្រៀម ស្ករត្នោតឬស្កសរ ទឹកត្រី កាពិ ឬប្រហុក ក្រូចឆ្មាជាដើម។ គ្រឿងផ្សំទាំងនេះធ្វើឱ្យបុកល្ហុងមានរសជាតិហឹរ ជូរ ផ្អែម និងប្រៃ ទៅតាមចំណង់ចំណូលចិត្តរៀងៗ ខ្លួន។

ជនជាតិថៃភាគឦសាននៃប្រទេសថៃដែលខ្ញុំកំពុងសិក្សា ពួកគេចូលចិត្តហូបបុកល្ហុងជាមួយបាយដំណើប និងមាន់អាំង។ ពេលខ្លះគេ ហូបជាមួយនំបញ្ចុក ស្បែកជ្រូកបំពង ព្រមទាំងបន្លែដូចជា ស្ពៃក្តោប សណែកគួរ ត្រកួន ត្រសក់ ស្លឹកភ្លូ សណែ្តកបណ្តុះ និងជីជាដើម។
បុកល្ហុងត្រូវបានគេកែច្នៃពីបុកល្ហុងធម្មតាទៅជាបុកល្ហុងជាច្រើនប្រភេទទៅតាមតំបន់ និងការចូលចិត្ត។ ប្រភេទខ្លះទទួលបាន ការពេញនិយមយ៉ាងខ្លាំង ចំណែកឯមួយចំនួនទៀតពុំសូវពេញនិយមនោះទេ អាស្រ័យលើតំបន់ និងការចូលចិត្តផ្ទាល់ខ្លួន។
ខ្ញុំនឹងណែនាំបុកល្ហុងមួយចំនួនដែលខ្ញុំបានស្គាល់មកចែករំលែក ប្រសិនជាអ្នកស្គាល់បុកល្ហុងប្រភេទផ្សេងទៀត សូមជួយណែនាំបន្ថែមក្នុងប្លក់នេះផង!! 
- បុកល្ហុងពងទាប្រៃៈ គឺជាបុកល្ហុងដែលមិនដាក់ប្រហុក តែដាក់បង្គាក្រៀម សណ្តែកដីលីង រសជាតិជូរអែម  ;D


- បុកល្ហុងក្តាមដាក់ប្រហុកៈ គឺជាបុកល្ហុងដែលដាក់ក្តាមប្រៃ ក្តាមឆ្អិន ឬក្តាមស្រស់ ព្រមជាមួយប្រហុក រសជាតិរាងប្រៃបន្តិច


- បុកល្ហុងថាសធំៈ គឺជាបុកល្ហុងដែលមានដើមកំណើតនៅភាគឦសាននៃប្រទេសថៃ នៅពេលដែលពួកគេរៀបចំកម្មវិធីម្តងៗ មិនកម្មវិធីមង្គល ឬអមង្គល ឬកម្មវិធីសំខាន់ខាងសាសនា ប្រជាជននៅទីនេះនិយមបុកល្ហុងទទួលទានរួមគ្នា ទើបបុកល្ហុងម្តងច្រើនៗ រួចចាក់ដាក់ថាស ដើម្បីទទួលទានរួមគ្នាបង្ហាញពីភាពជិតស្និត។ បន្ទាប់មកអ្នកដែលប្រកបអាជីពលក់បុកល្ហុងបាននាំយក មកកែច្នៃដាក់លក់នៅតាមភជនីដ្ឋាន បុកល្ហុងថាសធំនិយមដាក់បុកល្ហុងនៅចំកណ្តាល រួចនាំយកបន្លែផ្សេងៗ ដាក់លម្អជុំវិញដូចជា សាច់ប៉ាតេ ណែម កូនត្រីបំពងស្រួច ខ្យងឆើរី​ ងាវ ស៊ុតស្ងោរ ពងទាប្រៃ មីសួស្រុះ ខ្ទឹមបំពង នំបញ្ចុក សណ្តែកបណ្តុះ សណ្តែកដី ស្ពៃជ្រក់ សណ្តែកគួរ ស្ពៃក្តោប ទំពាំងស្ងោរ កំពិស និងត្រកួនជាដើម។


- បុកល្ហុងគ្រឿងសមុទ្រៈ គឺជាបុកល្ហុងដែលដាក់គ្រឿងសមុទ្រដូចជា បង្កង បង្គាក្រៀម ម៉ឹក ម៉ឹកក្រៀម ប្រហឹតត្រី និងក្តាមសមុទ្រជាដើម។


- បុកល្ហុងក្តាមសេះ គឺជាបុកល្ហុងដែលដាក់កតាមសេះឆៅ ឬឆ្អិន មានរសជាតិជូរអែម


- បុកល្ហុងនំបញ្ចុកៈ គឺជាបុកល្ហុងដែលដាក់សសៃល្ហុង និងនំបញ្ចុក ព្រមទាំង បន្លែជ្រក់ ខ្យង គ្រុំ ងាវ សណ្តែកបណ្តុះ ណែម សាច់ប៉ាតេ គ្រាប់គន្ធុំថេត