អ៊ាម វន្នី
ច្រៀងបទៈ កុលាបមាសបង ដកស្រង់ចេញពីខ្សែភាពយន្ត កុលាបមាសបង
វន្នីមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ កង្ហារផ្កាប់មុខជាច្រើន ដោយសារគាត់ជាមនុស្សមានទេពកោសល្យ មិនត្រឹមតែខាងច្រៀងនោះទេ គាត់ថែមទាំងជាតន្ត្រីករ និងអ្នកនិពន្ធចំរៀងម្នាក់ដ៏ពូកែទៀតផង។ ចំពោះសប្តាហ៍នេះ ដូចជាមិនមានអ្វីពិបាកសំរាប់គាត់ឡើយ គាត់ច្រៀងបានរលូន មានកំហុសឆ្គងតូចមួយចាប់បានដោយលោក ណុបបាយ៉ារឹទិ្ធ តែមិនមានអ្វីប្លែកពីសប្តាហ៍មុនឡើយ ស្ទីលច្រៀងគាត់នៅតែដដែល។



មាស មុន្នីរាជ
ច្រៀងបទៈ ស្រណោះផ្កាផ្ទុំ ដកស្រង់ចេញពីខ្សែភាពយន្ត កុលាបមាសបង
សំលេងរបស់ មាស មុន្នីរាជ ធ្ងន់មានកំលាំង ហើយគាត់អាចច្រៀងបាន ស្ទើរគ្រប់ប្រភេទចំរៀងទាំងអស់ ពិតជាគួរអោយសរសើរមែន។ ខ្ញុំពេញចិត្តការសំដែងរបស់គាត់នៅសប្តាហ៍នេះណាស់ យើងអាចមើលឃើញពីការខំប្រឹងប្រែងរបស់គាត់ តាមរយៈការសរសើរផ្តល់ដោយគណកម្មការទាំងឡាយ ដូចជាគណកម្មការ បាយ៉ារិទិ្ធបានលើកសរសើរអំពី ចំនុចល្អ៣យ៉ាងដែលគាត់មានក្នុងការបកស្រាយបទចំរៀងគឺទី១ រក្សាបាននូវគុណភាពទឹកដមសំនៀង ទី២ សំលេងក្រោមបញ្ចេញបានល្អ ទី៣គឺសំលេងអឺនរលូនបានល្អ។



សុន ចន្ថន
ច្រៀងបទៈ ជំនោរប៉ៃលិន ដកស្រង់ចេញពីខ្សែភាពយន្ត ជំនោរប៉ៃលិន
គាត់តែងតែភ័យភ្លេចខ្លួន ពេលឡើងឆាកច្រៀងម្តងៗ ធ្វើអោយសំលេងនិងកាយវិការរបស់គាត់ បង្ហាញមកមិនមានទំនុកចិត្តទាល់តែសោះ ក៏ប៉ុន្តែគាត់ដូចជាជាប់រាល់សប្តាហ៍។ មួយសប្តាហ៍ៗ គាត់មិនមានភាពរីកចំរើន និងការច្នៃប្រឌិតអ្វីគួរអោយកត់សំគាល់ឡើយ​ រីឯសប្តាហ៍នេះវិញ គាត់ហាក់មានមន្ទិលសង្ស័យក្នុងខ្លួនពេលច្រៀង តើគាត់នៅមិនទាន់ត្រៀមខ្លួនក្នុងការប្រកួតប្រជែងទៀតឬ?



នី រតនា
ច្រៀងបទៈ នាងគក៏ខ្ញុំស្រលាញ់ ដកស្រង់ចេញពីខ្សែភាពយន្ត ធីតាសងសឹក
នី រតនាមានសំលេងផ្អែមល្ហែម ធ្វើអោយអ្នកគាំទ្រនារីៗ លង់អារម្មណ៍ពេលស្តាប់បុរសម្នាក់នេះហាមាត់ច្រៀងម្តងៗ សប្តាហ៍នេះគាត់ផ្តល់ភាពទាក់ទាញទៀតហើយទាំងការស្លៀកពាក់ទាំងការសំដែង គាត់មិនមានហានិភ័យក្នុងការធ្លាក់ពីកម្មវិធីអាទិត្យឡើយ។



ម៉ៅ ហាជី
ច្រៀងបទៈ លក់ស្រែចូលបា
ហាជីមានអំណោយទានសំលេងជាងគេ សំលេងគាត់ធ្ងន់មានទឹកដម គាត់មានតិចនិចច្រើនក្នុងការច្រៀង ហើយតែងតែទទួលបានទំនុកចិត្ត ១០០ភាគរយពីលោក ព្រាបសុវត្ថិជានិច្ចថាអាចឆ្លងផុតទៅសប្តាហ៍ក្រោយៗទៀត។ មកដល់សប្តាហ៍ទី៥នេះ គាត់ប្តូរស្ទីលច្រៀងបែបក្រមិចក្រមើមវិញម្តង ហើយគាត់មិនបានធ្វើអោយអ្នកគាំទ្រគាត់អស់សង្ឃឹមឡើយ ម្នាក់ៗសប្យាយរីករាយទៅតាមការចំរៀងរបស់គាត់។



សុវត្ថិឌី ធារិកា
ច្រៀងបទៈ ស្មានតែស្រស់ហើយហ្នឹង ដកស្រង់ចេញពីខ្សែភាពយន្ត ក្រមុំឆ្នាស់កំលោះខិល
ក្មេងស្រីតូចម្នាក់នេះ អាចចូលតួបានភ្លាមៗនៅពេលឡើងឆាកសំដែងម្តងៗ នាងតែងតែផ្តល់ភ្ញាក់ផ្អើល ទន្ទឹមនិងភាពរីកចំរើនបង្ហាញជូនទស្សនិកជនជានិច្ច មិនមានភាពសោះកក្រោះលេចឡើងឡើយ។ គណកម្មការទាំងអស់ស្ញើចសរសើរមិនដាច់ពីមាត់ពីការវិត្តន៍សមត្ថភាពនាង ជារៀងរហូតមក។ សប្តាហ៍នេះនាងច្រៀងបានល្អទៀតហើយ លោក​ ព្រាបសុវត្ថិ ពេញចិត្តនាងជាខ្លាំងដោយនិយាយថានាងជាប់ទៀតហើយ ដោយការជឿជាក់។



សៅ ឧត្តម
ច្រៀងបទៈ កាត់សក់ ដកស្រង់ចេញពីខ្សែភាពយន្ត ជាងកាត់សក់ដៃឯក
តើការហៀបនឹងជ្រុះចេញពីកម្មវិធីនៅសប្តាហ៍កន្លងទៅបានធ្វើអោយ សៅ ឧត្តម មានការអភិវឌ្ឍន៍ខ្លួនឯងបន្ថែមយ៉ាងណាដែរ? គាត់ពូកែខាងបទក្រមិចក្រមើម និងបទញាក់ព្រោះគាត់អាចទាក់ទាញទស្សនិកជនអោយចូលចិត្តបានយ៉ាងងាយដោយភាពរួសរវើកនៅលើឆាករបស់គាត់។ ឆ្លងផុតមកដល់វគ្គនេះ គាត់ជ្រើសរើសបានបទដែលត្រូវនឹងសមត្ថភាពខ្លួន ហើយបកស្រាយបានយ៉ាងល្អបំផុតមិនមានចំនុចខ្វះខាតឡើយ គួរអោយសរសើរ។



សរុបអ្នកដែលអាចឈានជើងចូលវគ្គ  Live Show សប្តាហ៍ទី៦ មានដូចជា៖
នី រតនា
សុវត្ថិឌី ធារិកា
សៅ ឧត្តម
ម៉ៅ ហាជី
អ៊ាម វន្នី
មាស មុន្នីរាជ


សុន ចន្ថនត្រូវបានទស្សនិជនបោះឆ្នោតអោយតិចជាងគេ ធ្វើអោយគាត់ត្រូវចេញពីកម្មវិធីនៅសប្តាហ៍នេះ គួរអោយសោកស្តាយដែរតែ បើមិនខុសរកត្រូវមិនឃើញឡើយ ដួលពីកន្លែងណាក្រោកកន្លែងហ្នឹង សង្ឃឹមថាគាត់អាចមើលឃើញភាពបរាជ័យនេះ ជាបទពិសោធន៍ និងជាចំនុចចាប់ផ្តើមថ្មីមួយក្នុងជីវិត។