តោះ! ទៅមុជទឹកមើលផ្កាថ្មនៅកោះតៅ Let's go to Koh Tao, Thailand

ដំបូងសូមជម្រាបសួរ! សមាជិកខ្មែរឌិសកាសសិនទាំងអស់គ្នា...
បច្ចុប្បន្នខ្ញុំជានិស្សិតអាហារូបករណ៍ម្នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយក្នុងភាគឦសាននៃប្រទេសថៃ។  ដោយសារតែចង់ទៅលេងសមុទ្រទើបខ្ញុំនិងមិត្តភក្តិបានរៀបចំដំណើរកម្សាន្តមួយ ទៅភាគខាងត្បូងនៃប្រទេសថៃ តាមពិតពួកយើងបានកក់សំបុត្រយន្តហោះតាំងតែពីខែឧសភា 2015 តែចេញដំណើរថ្ងែទី 3-6 តុលា 2015 កក់ទុកមុនយើងអាចឆែកមើលថា ចន្លោះពេលណាដែលសំបុត្រ មានតម្លៃទាប (Air Asia) ពី​ Khon Kaen - Don Mueang (Bangkok) តម្លៃ 490 បាត ពី Don Mueang - Surathani តម្លៃ 690 បាត តម្លៃវាស្ថិតលើពេលវេលានិងថ្ងៃដែលយើងទៅ។ ពួកយើងមានគ្នា 3 នាក់ ប៉ុន្តែ​​ដល់ថ្ងៃចេញដំណើរម្នាក់ទៀតជាប់រវល់បន្ទាន់ ទើបនៅសល់គ្នាតែ 2 នាក់។  :want:
អញ្ចឹងមកចាប់ផ្តើមធ្វើដំណើរវិញល្អជាង!!!.....
Day 1
* ថ្ងៃទី 3 តុលា 2015
ពួកយើងមកឡើងយន្តហោះនៅព្រលានយន្តហោះខេត្តខន់កែនម៉ោង 13.40 នាទី
បន្ទាប់ពី Check-in រួច គេឱ្យយើងទៅអង្គុយចាំនៅបន្ទប់អ្នកដំណើរ ត្រូវមកឱ្យបានមុនប្រហែលជា 40 នាទី



អង្គុយលើយន្តហោះប្រហែល 40 នាទី ទីបំផុតក៏មកដល់ព្រលានយន្តហោះដនមឿង ទីក្រុងបាងកក យើងត្រូវសង្កេតមើលថាតើយើងត្រូវឡើងយន្តហោះទៅក្រៅប្រទេស (International Departure) ឬក្នុងប្រទេស (Domestic Departure)? ដោយសារខ្ញុំទៅខេត្តសុរ៉ាតថានី (Surathani) ទើបចូលទៅ Check-in ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលបានកក់ទុកជាជើងយន្តហោះក្នុងប្រទេស។






បន្ទាប់ពី Check-in រួច ពួកយើងមិនទាន់ចូលទៅបន្ទប់អ្នកដំណើរទេ ចេញទៅក្រៅព្រលានយន្តហោះរករបស់ហូបក្បែរៗ នេះសិនម៉ោងជិត 3 រសៀលហើយ ជើងយន្តហោះបន្ទាប់ Don Mueang - Surathani ចេញដំណើរម៉ោង 19.10 នាទី សល់ពេលច្រើន យ៉ាងម៉េចដែរអាហាររសៀលរបស់ពួកយើងគួរឱ្យចង់ហូបទេ?




បន្ថែមកំលាំងរួចពួកយើងក៏ត្រឡប់ទៅក្នុងព្រលានយន្តហោះវិញទៅអង្គុយចាំនៅបន្ទប់ដំណើរ


ស្កែនកាបូបដែលយកឡើងលើយន្តហោះ (មិនលើសពី 7 គីឡូ)




ម៉ោង 20.20 នាទី ពួកយើងបានមកដល់ព្រលានយន្តហោះសុរ៉ាតថានី។ ពេលចេញមកក្រៅយើងទិញសំបុត្របន្តទៅចំណតទូក ឆ្ពោះទៅកោះតៅ តម្លៃ 100 បាត (បើជិះតាក់ស៊ី ប្រហែល 400 បាត) សង្កេតឃើញឡានក្រុងកំពុងចតមុខព្រលានយន្តហោះ ប្រាប់គេថាទៅចំណតទូក ទួកគេង ឬរឿណន (เรือนอน)។



ចំណាយពេលប្រហែល 30 នាទី ទីបំផុតក៏មកដល់ចំណតទូក។ សំបុត្រកប៉ាល់តម្លៃ 600 បាត សម្រាប់ជនជាតិបរទេស ប៉ុន្តែខ្ញុំទទួលបានសិទ្ធពិសេសតម្លៃ 500 បាត ដោយសារនិយាយជាភាសាថៃ ហាស់!ហា...កប៉ាល់ចេញម៉ោង 23.00 នាទី ឆ្លៀតរកអីទ្រាប់ពោះបន្តិចសិន តូបលក់អាហារជាច្រើនតាំងលក់រៀងគ្នា​ នៅតាមបណ្តោយផ្លូវក្បែរចំណតទូក អាចជ្រើសរើសតាមចិត្តឱ្យតែមានលុយ  :Secret laugh: បានបាយឆាគ្រឿងសមុទ្រទ្រាប់ពោះហើយ ពួកយើងក៏ប្រញាប់ទៅ ឡើងកប៉ាល់ឱ្យទាន់ពេល តោះ! ទៅមើលកន្លែងគេងសម្រាប់យប់នេះព្រមគ្នា....





គ្រាន់បើដែរតើ មានម៉ាស៊ីត្រជាក់ និងដុយភ្លើងសម្រាប់បញ្ចូលទូរស័ព្ទនៅក្បាលគ្រែម្នាក់មួយ

Day 2
* ថ្ងៃទី 4 តុលា 2015
ធ្មេចបើកធ្មេចបើកម៉ោង 5 ព្រឹក
សួស្តី! កោះតៅ


ជិះតាក់ស៊ីពីចំណតទូកតម្លៃ 150 បាត ទៅសណ្ឋាគារ Coral View Resort ដែលបានកក់ទុកតាមរយៈ Agoda.com តម្លៃ 900 បាត/យប់ នៅឆ្ងាយពីចំណតទូកផ្លូវឡើងភ្នំចុះភ្នំ។




ទេសភាពមើលពីន្លែងទទួលភ្ញៀវ អង្គុយចាំគេកំពុងសម្អាតបន្ទប់ Check-In & Check-Out ម៉ោង 10.30 នាទី





បន្ទាប់ពី Check-In ម៉ោងប្រហែល 9.00 នាទី ពួកយើងបានសួរពត៌មានផ្សេងៗ ម្ចាស់សណ្ឋាគារប្រាប់ថាមានដំណើរកម្សាន្ត One day trip ជុំវិញកោះ 750 បាត/នាក់ ម៉ោង 10.00 នាទី ឡានមកទទួល។ ចូលទៅងូតទឹក ផ្លាស់ខោអាវ ត្រៀមខ្លួនឱ្យទាន់គេមកទទួល...នេះជាបន្ទប់គេងរបស់ពួកយើងយប់នេះ!!! បន្ទប់គេងប្រើកង្ហារព្រោះសណ្ឋាគារនេះនៅឆ្ងាយ... បង្គោលភ្លើងមកមិនដល់ គេប្រើម៉ាស៊ីនភ្លើង តែទេសភាពស្អាត មានឆ្នេរខ្សាច់ផ្ទាល់ខ្លួន  :yarr:





ម៉ោង 10.00 នាទី ឡានមកទទួលពីសណ្ឋាគារទៅចំណតទូក  នៅសល់ពេល 30 នាទីទៀតទើបចេញដំណើរ ឆ្លៀតពេលនេះពួកយើងរកកន្លែងហូបបាយ និងដើរមើលទេសភាព តាមបណ្តោយចំណតទូក  :-[

ពួកយើងដើរត្រឡប់ទៅចំណតទូក មគ្គុទេសក៍ណែនាំពីរបៀបមុជទឹកមើលផ្កាថ្ម និងវិធីផ្សេងៗ រួចចែកឧបករណ៍មុជទឹក និងលក់ស្រោមដាក់ទូរស័ព្ទសម្រាប់ថតក្រោមទឹកតម្លៃ 200 បាត និងមានជួលម៉ាស៊ីនថតរូបក្រោមទឹកតម្លៃ 400 បាត តែពួកយើងសុំបាន 300 បាត (បញ្ចូលមនោគមន៍)  :D នៅលើកាណូតគេមាននំ ផ្លែឈើ កាហ្វេ តែ ទឹកសុទ្ធ ឱ្យយើងផឹកហ្វី។  បើសិនជាយើងចង់ឡើងទៅមើលទេសភាពនៅលើកោះណាងយួន (Koh Nangyuan) ត្រូវបង់លុយម្នាក់ 100 បាត សម្រាប់ជនបរទេស ចំណែកឯជនជាតិថៃតម្លៃ 30 បាត។ ដំបូងគេគិតថាខ្ញុំជាជនជាតិថៃ ទើបគេគិត 30 បាត ព្រោះនិយាយជាភាសាថៃ ប៉ុន្តែនៅពេលបំពេញឈ្មោះគេសួរថា មិនមែនជាជនជាតិថៃទេ? ខ្ញុំឆ្លើយថាជាជនជាតិខ្មែរ គេគិតមួយសន្ទុះ រួចតបថា មិនអីទេឱ្យតែ 30 បាតក៏បានហើយព្រោះនិយាយភាសាថៃបានច្បាស់  :Secret laugh: ជំនួយការមគ្គុទេស អ្នកបើកកាណូត អ្នកបោសសម្អាតនៅសណ្ឋាគារភាគច្រើនជាជនជាតិភូមា។ គេមានកន្លែងឱ្យចុះមុជទឹកច្រើនកន្លែង ទី1 មុជទឹកមើលត្រីឆ្លាម កន្ធាយ, ទី 2 ផ្កាថ្ម ,ទី 3 ត្រី និងផ្កាថ្ម បន្ទាប់មកឆ្លងទៅ កោះណាងយួនលេងទឹកសមុទ្រ ឡើងទៅមើលទេសភាពសមុទ្រព្រែកជា 2 និងមានឆ្នេរខ្សាច់សស្អាត។

ទីបំផុតពួកយើងមកដល់កន្លែងមុជទឹកមើល កន្ធាយ ត្រីឆ្លាម (ថតមិនទាន់) ផ្កាថ្ម ត្រី និងសារ៉ាយសមុទ្រហើយ

យើងមុជទឹកលើផ្កាថ្មរួច គេមានអាហារថ្ងៃត្រង់ឱ្យគឺ បាយជាជួយឆ្កាក្តៅនិងពងទាចៀន។ បន្ទាប់មកឆ្លងទៅកោះណាងយួន ដើម្បីទៅមើលទេសភាព និងលេងទឹកតាមបណ្តាយឆ្នេរខ្សាច់ដ៏សស្អាត។
បង Guide ភូមាទិញសំបុត្រចូលមើលកោះណាងយួន








Good bye!! Koh Nanayuan....Hope to see u again​  :in-love:

One day trip ក៏បានបញ្ចប់ ពួកយើងត្រឡប់ទៅសណ្ឋារគារងូតទឹកសំអាតខ្លួន រួចទៅហូបអាហារពេលល្ងាច ផឹកស្រាបៀរម្នាក់មួយដប អង្គុយស្តាប់ភ្លេងលាយឡំនឹងសម្លេងទឹករលក បរិយាកាសពិតជាល្អមែន!!!

ពួកយើង Check-out ពីសណ្ឋាគារម៉ោង 10.30 នាទី ទៅដល់ចំណតទូករួចរកទិញសំបុត្រឱ្យហើយ ក្រុមហ៊ុនប្រាប់ថា Speed board (ទូកលឿន) ចេញពេលថ្ងៃតម្លៃ 950 បាត/នាក់ ប៉ុន្តែយើងសម្រេចចិត្តយកកប៉ាល់ដេក ចេញម៉ោង 9 យប់ ម្នាក់ 500 បាត។ ដោយសារមានពេលច្រើនទំរាំកប៉ាល់ចេញ ពួកយើងបានជួលម៉ូតូ ជិះដើរលេងនៅលើកោះដែលខាងក្រុមហ៊ុននេះ មានស្រាប់ តម្លៃ 150 បាត ដោយមិត្តភក្តិឱ្យអត្តសញ្ញានបណ្ណបញ្ចាំទុក បើម៉ូតូដួលគេនិងពិន័យថ្លៃ ឬឱ្យជាងប្តូរកន្លែងខូចខាតចេញក៏បាន។ នៅចាំអីទៀតយើង តោះ! ចេញដំណើរ....


ទិញសំបុត្រកប៉ាល់ និងជួលម៉ូតូនៅទីនេះ

នេះណែ! ម៉ូតូដែលពួកយើងជួល









Saree Beach, Koh Tao.



ក្រោយពីជិះម៉ូតូមើលទេសភាពនៅលើកោះហើយ ពួកយើងទៅអង្គុយមាត់ឆ្នេរស្តាប់ទឹករលក ព្រមទាំងផឹកស្រាបៀរកំដរបរិយាស ពិតជាមានសេចក្តីសុខណាស់។ ម៉ោង 8.30 យប់ ពួកយើងត្រឡប់ទៅចំណតទូកវិញ.... It's time to say goodbye...Koh Tao!!! ....Hope to see u again!!..LOVE YOU!!  :)


ឃើញហើយ ចង់ទៅ Snorkling ដល់ហើយ។ បើទៅ តើគួរនៅគេងប៉ុន្មានយប់ទើបប្រសើរ?
  • Dara


ឃើញហើយ ចង់ទៅ Snorkling ដល់ហើយ។ បើទៅ តើគួរនៅគេងប៉ុន្មានយប់ទើបប្រសើរ?

ដកស្រង់
#Dara បើសិនជាមានពេល 2 យប់ 3 ថ្ងៃ ក៏ល្អម្យ៉ាងដែរ
- ថ្ងៃទី1 ធ្វើយ៉ាងណាទៅឱ្យទាន់កប៉ាល់ (500 បាត) ខេត្តសុរ៉ាតថានី (Surathani) ដែលចេញពេលយប់ម៉ោង 10 ឬ 11 យប់ ទៅដល់កោះតៅ (Koh Tao) ម៉ោងប្រហែល 5 ព្រឹក (មិនអស់ថ្ងៃសណ្ឋាគារ)  :Secret laugh: រកសណ្ឋាគារដែលពេញចិត្ត រួចទិញ One day trip តម្លៃ 750 បាត/នាក់ ជិះកាណូតជុំវិញកោះ
- ថ្ងៃទី2 ជួលម៉ូតូជិះនៅលើកោះ តម្លៃ 150 បាត (សម្រាប់ជនជាតិថៃ) ជនបរទេសថ្លៃជាងនេះបន្តិច! រួចទិញសំបុត្រកប៉ាល់ទុកត្រឡប់ទៅខេត្តសុរ៉ាតថានីវិញ កប៉ាល់ចេញម៉ោង 9 យប់
- ថ្ងៃទី3 ត្រឡប់ទៅគេហដ្ឋានវិញ :D

Day 3
* ថ្ងៃទី 5 តុលា 2015
ពួកយើងមកដល់ចំណតទូកខេត្តសុរ៉ាតថានីវិញម៉ោងប្រហែល 5 ព្រឹក រួចហៅតាក់ស៊ី (150 បាត/នាក់) ទៅព្រលានយន្តហោះចម្ងាយប្រហែល 40 គីឡូពីចំណតទូក






ធ្វើដំណើរត្រឡប់មកវិញដល់ដោយសុវត្ថិភាព  :in-love:

សរុបថ្លៃចាយវាយ ដំណើរកម្សាន្តកោះតៅ 2 យប់ 3 ថ្ងៃ
- សំបុត្រយន្តហោះ =2,500 បាត
  Khon kaen - Don Mueang -Surathani
  Surathani - Don Mueang - Khon kaen
- អាហារថ្ងៃត្រង់នៅព្រលានយន្តហោះ 125 បាត/2នាក់ = 63 បាត
- ឡានក្រុងពីព្រលានយន្តហោះ - ចំណតទូក = 100 បាត
- សំបុត្រកប៉ាល់ Surathani - Koh Tao - Surathani = 1,000 បាត
- តាក់ស៊ីចំណតទូក - សណ្ឋាគារ = 150 បាត
- សណ្ឋាគារ 900 បាត/2នាក់ = 450 បាត
- One Day Trip = 750 បាត
- អាហារថ្ងៃត្រង់ = 80 បាត
- ជួលម៉ាស៊ីនថតរូបក្រោមទឹក 300 បាត/2នាក់ = 150 បាត
- ឡើងកោះណាងយួន = 30 បាត
- អាហារពេលល្ងាច 600 បាត/2នាក់ = 300 បាត
- អាហារពេលព្រឹក = 80 បាត
- តាក់ស៊ីពីសណ្ឋាគារ - ចំណតទូក = 100 បាត
- ជួលម៉ូតូ 150 បាត/2នាក់ = 75 បាត
- អាហារពេលរសៀល 360 បាត/2នាក់ =
- តាក់ស៊ីពីចំណតទូក - ព្រលានយន្តហោះ = 150 បាត

****សរុប 6,158 បាត (បាំមួយពាន់មួយរយហាសិបប្រាំបីបាត)****

**អាត្រាប្តូរប្រាក់ថ្ងៃទី 3 តុលា 2015
  1 បាត = 112 រៀល
**ប្រសិនជាអ្នកចង់ធ្វើដំណើរបែបសន្សំសំចៃ អ្នកអាចជិះឡានពីទីក្រុងបាងកក - ខេត្តសុរ៉ាតថានី (ចំណតទូក) ឬ ជិះរថភ្លើងពីទីក្រុងបាងកក - ខេត្តសុរ៉ាតថានី មានតម្លៃធូរថ្លៃជាង។

ឆ្លើយតប