សួស្តីមិត្តអ្នកអានទាំងអស់គ្នា ជួបជាមួយខ្ញុំទៀតហើយសំរាប់ការសង្ខេបឡើងវិញ កម្មវិធី  Cambodian Idol នៅសប្តាហ៍ទី៦ ។ ប្រធានបទនៅសប្តាហ៍នេះ គឺតរូវអោយបេក្ខជន បេក្ខនារី ច្រៀងបទប្រពៃណីខ្មែរ ព្រោះថាប្រទេសកម្ពុជាយើងដល់រដូវភ្ជុំបិណ្ឌហើយ។
តើអាចមានអ្វីប្លែកទៅហ្ន៎? ប្លែកដំបូងគេនោះគឺសម្តេចយើងបានផ្ញើរសារមកកម្មវិធី Cambodian Idol ថាគាត់ក៏នៅចាំមើលកម្មវិធីនេះដែរ ទោះបីជាពេលនេះគាត់នៅប្រទេសចិនក៏ដោយ សូមអរគុណដល់ពិធីករ និងគណកម្មការទាំងអស់ណាស់ ដែលប្រូកប្រាជ្ញពីរឿងសម្តេចយើងនេះ អស់ប្រហែលកន្លះម៉ោង ដែលគាត់មិនមានអ្វីទាក់ទងទៅនឹងកម្មវិធីនេះសោះ  ???

នី រតនា
ច្រៀងបទៈ ផ្កាម្រុំ ចង្វាក់រាំវង់
បុរសមានមន្តស្នេហ៍ នី រតនា ទទួលបានគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជន ដែលធ្វើអោយគាត់មានសុវត្ថិភាពរហូតមក តែចំនុចខ្វះខាតរបស់បេក្ខជននេះ​ គឺនៅត្រង់កាយវិការ ដូចលោកព្រាបសុវត្ថិបានលើកឡើងអីញ្ចឹង។ គាត់គួរបង្ហាញកាយវិការ ក្រមិចក្រមើម អោយសមនិង​ បទចំរៀងដែលគាត់ច្រៀងនៅសប្តាហ៍នេះ។



សុវត្ថិឌី ធារិកា
ច្រៀងបទៈ ទេសភាពនារដូវភ្ជុំ ចង្វាក់ សារ៉ាវ៉ាន់
ទស្សនិកជនតែងទន្ទឹងរង់ចាំការសំដែងដ៏រស់រវើក និងគួរអោយចាប់អរម្មណ៍ របស់ក្មេងស្រីតូច ធារិកា ម្នាក់នេះជារៀងរាល់សប្តាហ៍ នាងមិនដែលធ្វើអោយ គណកម្មការក៏ដូចជាអ្នកគាំទ្រនាងទាំងអស់អស់សង្ឃឹមឡើយ។ ចំនែកសប្តាហ៍នេះវិញ បទដែលនាងត្រូវច្រៀង ជា បទបែបយីកេ មានតំរូវការបច្ចេកទេសច្រៀង និងការចងចាំច្រើន ប៉ុន្តែខ្ញុំចាប់អារម្មណ៍ថានាងដូចជារាងភ្លឹកៗបន្តិច មិនសូវរស់រវើកដូចសប្តាហ៍មុនៗ តែនាងនៅតែអាចសំរេចភារកិច្ចលើឆាកនេះបានល្អប្រសើរ។



សៅ ឧត្តម
ច្រៀងបទៈ សែនស្រណោះ ចង្វាក់តាលុង
ភាពរីកចំរើន របស់សៅ ឧត្តម ធ្វើអោយគាត់រួចផុតពីលេខរៀងបាត ទៅដល់តំបន់សុវត្ថិភាពឈានជើងចូល សប្តាហ៍ទី៦នេះ។ សំលេងច្រៀងគាត់នៅអាទិត្យនេះបញ្ចេញបានល្អមែនទែន គួបផ្សំទាំងកាយវិការសម្តែងគួរទាក់ទាញផងនោះគឺធ្វើអោយគាត់មានសង្ឃឹមច្រើនដើម្បីបន្តទៅវគ្គក្រោយ។



ម៉ៅ ហាជី
ច្រៀងបទៈ សំបួរមាស ចង្វាក់រាំក្បាច់
បុរសមាឌមាំ សំលេងធ្ងន់ ហាជី មានតិចនិកច្រៀងច្រើន គាត់ធ្វើបានល្អជារៀងរាល់សប្តាហ៍ គណកម្មការមានទំនុកចិត្តលើគាត់ខ្លាំង ហើយតែងសរសើរជារឿយៗបន្ទាប់ពីគាត់បញ្ចប់ការសំដែងម្តងៗ។ ក្នុងសប្តាហ៍នេះក៏មិនមានអ្វីប្លែកពីសប្តាហ៍មុន គាត់នៅតែច្រៀងបានល្អ កំហុសឆ្គងតិចតួចត្រង់គាត់លាយឡំបចេ្ចកទេសច្រៀងចំរៀងបុរាណនិងសម័យ ដែល យើងធម្មតាស្តាប់មិនសូវដឹងឡើយ លើកលែងតែគណកម្មការ ព្រាបសុវត្ថិ បន្ថែមពីនោះគាត់មានភាពរីកចំរើនជាងមុន ក្នុងការដែលគាត់ហ្វឹកហាត់ច្រៀងចំរៀងប្រពៃណីនេះបានយ៉ាងប្រពៃបំផុត។



អ៊ាម វន្នី
ច្រៀងបទៈ អូនទៅភ្ជុំវត្តណា? ចង្វាក់រាំវង់
សំលេង អ៊ាម វន្នី ប្លែកពីបេក្ខជនដទៃទៀត គឺលះច្បាស់និងបត់បែនបានល្អ។ ក្នុងសប្តាហ៍កន្លងមកនេះ អ៊ាម វន្នីមានឳកាសច្រើនក្នុងការដើម្បីយកជ័យជំនះ ដោយសារវិញ្ញាសារប្រលងតែងទាក់ទង ទៅនិងបទចំរៀងពីសម័យមុន ដែលជាចំនុចខ្លាំងរបស់គាត់។​ មិនមានអ្វីនិយាយច្រើនទេ ព្រោះគាត់បានបន្តទៅវគ្គក្រោយហើយ។



មាស មុន្នីរាជ
ច្រៀងបទៈ កុំភ្លេចព្រះរស់ ចង្វាក់តាលុង
មាស មុន្នីរាជ ប៊ិះជ្រុះចេញពីកម្មវិធីនៅសប្តាហ៍មុន តែនៅវគ្គនេះគាត់អាចឈ្នះចិត្តគណកម្មការគ្រប់រូបបានយ៉ាងងាយ ដោយសំអាងលើសមត្ថភាពច្រៀងខ្ពស់ បត់បែនទៅតាមប្រភេទចំរៀងរបស់គាត់ គណកម្មការទាំងអស់ពេញចិត្ត និងការបញ្ចេញសមត្ថភាពគាត់ខ្លាំង។ ក៏ប៉ុន្តែអ្នកសង្កេតឃើញដែរទេថា ប្រសិនជាបេក្ខជនណាដែលត្រូវបានពិធីករហៅឈ្មោះចុងក្រោយគេបង្អស់ បេក្ខជននោះអាចនឹងមានហានិភ័យនៅសប្តាហ៍ក្រោយ ទោះបីជាការហៅឈ្មោះនេះមិនរៀបតាមលំដាប់ ចំនួនឆ្នោតក៏ដោយ ក៏ទស្សនិកជនហាក់មានទំនោរ បោះឆ្នោតអោយអ្នកដែលនៅលំដាប់លើៗ តែរាល់សប្តាហ៍ មិនស្មើភាពគា្នទាល់តែសោះ។



សរុបអ្នកដែលអាចឈានជើងចូលវគ្គ  Live Show សប្តាហ៍ទី៧ មានដូចជា៖
សុវត្ថិឌី ធារិកា
ម៉ៅ ហាជី
អ៊ាម វន្នី
សៅ ឧត្តម
នី រតនា


មាស មុន្នីរាជ មិនអាចបន្តទៅវគ្គក្រោយទៀតទេ ដោយសារគេបោះឆ្នោតអោយគាត់តិចជាងគេ តាមគំនិតខ្ញុំ គាត់គួរតែអាចបន្តទៅវគ្គក្រោយ ព្រោះថាបើប្រៀបធៀបជាមួយនិង នី រតនាវិញ គាត់មានសក្តានុភាពជាង បើយោងទៅតាមការបញ្ចេញសមត្ថភាព នៅសប្តាហ៍នេះ។  មិនថ្វីឡើយ មានការប្រកួតប្រជែង គឺត្រូវមានអ្នកចាញ់អ្នកឈ្នះ អ្វីដែលសំខាន់បំផុតនោះ គឺមិនត្រូវអស់សង្ឃឹមឡើយ ត្រូវរៀបចាប់ផ្តើមសារជាថ្មី ដើម្បីភាពជោគជ័យទៅថ្ងៃខាងមុខ។

ការរិះគន់ស្ថាបនាសំរាប់ពិធីករ Cambodian Idol មាន៖
១. សូមអានពាក្យ អបអរសាទរ អោយត្រឹមត្រូវ មិនមែន អោបអរសាទរ ទេ
២. សូមកុំប្រើពាក្យលេងសើចអត់បានការច្រើនពេក
៣. គួរមានការត្រៀម សមទុកមុន យ៉ាងហោចណាស់ក៏គួរមាន បញ្ជីឈ្មោះបទចំរៀងដែលបេក្ខជនត្រូវច្រៀងនៅនិងដៃផង មិនត្រូវនិយាយឈ្មោះចំរៀង ខុសតែរហូតនោះទេ
៤. សូមលោកពិធីករបញ្ជាក់អោយច្បាស់ថា បេក្ខជនដែលហៅឈ្មោះចុងក្រោយនោះ មិនមែនជាបេក្ខជនដែលមានសំលេងឆ្នោតតិច បន្ទាប់ពីអ្នកធ្លាក់នោះទេ ព្រោះជារៀងរាល់សប្តាហ៍ ពិធីករតែងតែប្រកាសថា អ្នកដែលគាត់ហៅឈ្មោះមុនគេមិនមែនមានន័យថា បានទទួលសន្លឹកឆ្នោតច្រើនជាងគេទេ តែមិនបានបញ្ជាក់អោយច្បាស់ជាងនេះចំពោះអ្នកដែលគាត់ហៅឈ្មោះក្រោយគេឡើយ ធ្វើបែបនេះទស្សនិកជនអាចនឹងមានការភាន់ច្រឡំ ថាអ្នកដែលនៅក្រោយគេគឺអន់ជាងគេ វាអាចនឹងប៉ះពាល់ដល់កំឡុងពេលបោះឆ្នោះមួយសប្តាហ៍មុនការប្រលងលើកក្រោយ។
៥. ចំនែកឯការសួរអំពីមតិយោបល់ របស់គណកម្មការវិញ សូមកាត់អោយខ្លីៗ បន្តិចទៅ សួរតែ ២​នាក់ សំរាប់ការសំដែងម្តងៗបានហើយ ព្រោះថាគណកម្មការយើងមិនសូវមាន ផ្តល់ជាដំបូន្មានល្អៗប៉ុន្មានឡើយ បានត្រឹមតែប្រើពាក្យ ប្អូនថ្ងៃនេះធ្វើបានល្អ ដឹងទេថាវាសាំខ្លាំងណាស់។
  :-\