សួស្តីមិត្តទាំងអស់គ្នា ថ្ងៃនេះខ្ញុំសូមចែករំលែកព៌តមានអាហារូបករណ៍មួយ ​​សំរាប់ថ្នាក់ក្រោយឧត្តម របស់សកលវិទ្យាល័យចឺជាំង នៅខេត្តចឺជាំង ទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី1 ខែមិថុនា ឆ្នាំ2016



អាហារូបករណ៍នេះមានចែកចេញជាពីរប្រភេទ A(ពេញលេញ) និង B(ដោយផ្នែក) ដោយវាខុសគ្នាត្រង់ប្រភេទ B មិនមានបូករួមថ្លៃចុះឈ្មោះ ថ្លៃសាលា ថ្លៃសម្រាប់ចំណាយលើការពិសោធន៍ ជាដើម ហើយអ្វីដែលមានជារួមគឺ​៖
- ថ្លៃស្នាក់នៅ ក្នុងសាលា
- ប្រាក់ឧបត្ថម្ភប្រចាំខែ
- ថ្លៃធានារ៉ាប់រងវេជ្ជសាស្រ្តទូទៅ


អ្នកដែលអាចដាក់ពាក្យបានលុះត្រាតែ៖
- ថ្នាក់អនុបណ្ឌិត ត្រូវមានសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រ និងអាយុមិនលើស 35ឆ្នាំ
- ថ្នាក់បណ្ឌិត ត្រូវមានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត និងអាយុមិនលើស 40ឆ្នាំ


សំរាប់ប្រាក់ឧបត្ថម្ភប្រចាំខែគឺគិតជារូបិយប័ណ្ណ យ័ន (CNY, Chinese Yuan)៖
- និស្សិតថ្នាក់អនុបណ្ឌិត (ឆ្នាំសិក្សា 2ទៅ3ឆ្នាំ) ទទួលបាន 1700 យ័ន ក្នុងមួយខែ
- និស្សិតថ្នាក់បណ្ឌិត (ឆ្នាំសិក្សា 3ទៅ4ឆ្នាំ) ទទួលបាន 2000 យ័ន ក្នុងមួយខែ


ដំណើរការនៃការដាក់ពាក្យ៖
១. បេក្ខជនត្រូវបំពេញបែបបទពាក្យស្នើសុំសម្រាប់ការចូលសាកលវិទ្យាល័យចឺជាំង នៅលើគេហទំព័ររបស់សកលវិទ្យាល័យ នៅទីនេះ អ្នកត្រូវចុះឈ្មោះជាមុនសិន ដើម្បីទទួលបានគណនីចូលប្រព័ន្ធ



២. បន្ទាប់ពីបញ្ជូនពាក្យស្នើរសុំហើយ អ្នកត្រូវព្រីនឯកសារចេញមក ដើម្បីបិទរូបថត(ផ្ទៃព៌ណសខាងក្រោយ និងមានទំហំ 35mm×45mm) និងចុះហត្ថលេខា



៣. ជំហានបន្ទាប់គឺ បេក្ខជន ត្រូវបំពេញបែបបទពាក្យស្នើសុំអាហារូបករណ៍សំរាប់សិស្សបរទេស ដោយចូលទៅកាន់គេហទំព័ររបស់សកលវិទ្យាល័យដដែល ក្រោយពីបំពេញនិងរក្សាទុករួចរាល់ ព្រីនឯកសារចេញ បិទរូបថត និងចុះហត្ថលេខា ដូចជំហានមុនដែរ
៤. អ្នកត្រូវត្រៀមនូវ វិញ្ញាបនប័ត្រការអប់រំខ្ពស់បំផុត ជាច្បាប់ដើម ឬច្បាប់ថតចំលងដែលទទួលស្គាល់ជាផ្លូវការ គួរភ្ជាប់ឯកសារបកប្រែជាភាសាអង់គ្លេស ឬចិនទៅជាមួយផង
៥. ព្រឹត្តិប័ត្រពិន្ទុ ជាច្បាប់ដើម ឬច្បាប់ថតចំលងដែលទទួលស្គាល់ជាផ្លូវការ ដូចករណីខាងលើដែរ គឺគួរភ្ជាប់ឯកសារបកប្រែជាភាសាអង់គ្លេស ឬចិនទៅជាមួយផង
៦. គួរមានសញ្ញាប័ត្រភាសាអង់គ្លេស(TOEFL, IELTS) ឬចិន(HSK)
៧. ត្រូវមានច្បាប់ថតចម្លងនៃលិខិតឆ្លងដែន
៨. ត្រៀមឯកសារជាអត្ថបទណែនាំខ្លួន សរសេរជាភាសាអង់គ្លេស ឬចិន និយាយអំពី បទពិសោធន៍ ការសិក្សា ការងារ មូលហតុនៃការដាក់ពាក្យ និង គំរោងការសិក្សាស្រាវជ្រាវនៅថ្ងៃខាងមុខ។
៩. អនុសាសន៍ពីសាស្រ្តាចារ្យចំនួន២ច្បាប់ មួយរូបមួយច្បាប់ (លិខិតអនុសាសន៍ត្រូវរួមមាន ហត្ថលេខា លេខទូរស័ព្ទទំនាក់ទំនង និង អាស័យដ្ឋានអីុម៉ែល របស់សាស្រ្តាចារ្យ) ជាភាសាអង់គ្លេស ឬចិន
១០. ប័ណ្ណសរសើផ្សេងៗ បើមាន
១១. វិក័យប័ត្រផ្ទេរប្រាក់បង់ថ្លៃចុះឈ្មោះចំនួន 400 យ័ន ព៌តមានលអិតចុចទីនេះ



បេក្ខជនត្រូវរៀបចំឯកសារដូចដែលបានរៀបរាប់ខាងលើនេះ ផ្ញើរទៅកាន់ការិយាល័យមហាវិទ្យាល័យអន្តរជាតិ ប្រចាំសកលវិទ្យាល័យចឺជាំង តាមរយៈប្រៃសណីយ៍មុនថ្ងៃផុតកំណត់ ហើយលទ្ធផលនឹងត្រូវបានប្រកាសជូននៅពាក់កណ្តាលខែកក្កដាឆ្នាំ2016។ សូមអ្នករៀបចំឯកសារអោយបានគ្រប់ចំនួនពេលផ្ញើរទៅ បើមិនដូច្នោះទេឯកសារអ្នកនឹងត្រូវបានទុកជាអសាបង់​។
អាស័យដ្ឋានរបស់ការិយាល័យនោះគឺ:

Admissions Office (Postgraduate Programs), Room 231, Dormitory Building 31, Yuquan Campus, Zhejiang University.
No. 38 Zheda Road, Hangzhou, Zhejiang, China 310027
Tel: 0086 571 87952848


បើមិត្តទាំងអស់គ្នាមានចំងល់អ្វីចង់សួរ មិត្តអាច comment សួរបាន ខ្ញុំរីករាយនឹងឆ្លើយតបទៅនឹងសំនួរមិត្តជានិច្ច។

ព៌តមានលំអិតជាភាសាចិន Link 1
ព៌តមានលំអិតជាភាសាអង់គ្លេស​ Link 2
សំគាល់: ចំពោះថ្ងៃផុតកំណត់ដាក់ពាក្យក្នុងទំព័រព៌តមានលំអិតជាភាសាអង់គ្លេស អាចមានការបកប្រែមិនបានត្រឺមត្រូវ ខ្ញុំសូមយកតាមប្រភពព៌តមានដើមដែលជាភាសាចិន។