សួស្តីអ្នកទាំងអស់គ្នា កម្មវិធី Cambodian Idol បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ  មកដល់ពេលនេះ បេក្ខជនប្រលងគឺនៅសល់តែ ៤នាក់តែប៉ុណ្ណោះ តើអាចចាត់ទុកបានថាជាជើងខ្លាំង ឬអ្នកមានសំណាងទៅហ្ន៎? ព្រោះថានៅសប្តាហ៍កន្លងទៅ លោកណុបបាយ៉ារិទិ្ធ បាននិយាយទៅកាន់ អ្នកដែលត្រូវជំរុះថា ការជំរុះនេះគឺមិនមែនមានន័យថាបេក្ខជននោះ មិនមានសមត្ថភាពឡើយ គឺវាអាស្រ័យទៅលើសំណាងដែរ​ តើអ្នកយល់ស្របដែរទេ? ប្រសិនបើដូច្នោះមែន តើការប្រលងចំរៀង លំដាប់ថ្នាក់ពិភពលោកនេះ មានន័យដែរឬ? ខាងក្រោមនេះជាការសង្ខេបឡើងវិញ អំពីកម្មវិធី  Cambodian Idol សប្តាហ៍ពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃអាទិត្យកន្លងទៅនេះ។ វិញ្ញាសារប្រលងប្រចាំសប្តាហ៍គឺ ការច្រៀងចំរៀងរ៉ក់ និងច្រៀងជាគូជាមួយនឹងគណកម្មការម្នាក់។

ម៉ៅហាជី
ច្រៀងបទ៖ គេចនរក និង គូស្នេហ៍គូចម្រៀងច្រៀងបាត់គូ
មកដល់សប្តាហ៍នេះហើយ គាត់ហាក់ដូចជារក្សាបានស្ទីលច្រៀង និងសំលេងដូចដើម ដែលមិនមានអ្វីប្លែកសោះឡើយ ការបកស្រាយចំរៀងប្រចាំសប្តាហ៍នេះ គាត់ច្រៀងត្រាប់តាមម្ចាស់ចំរៀងដើម ប៉ុន្តែសំលេងស្រែកច្រៀងរបស់គាត់គឺ តឹងខ្លាំងមិនពិរោះស្តាប់សោះ ដែលខ្ញុំយល់ថានេះ មិនមែនជាអ្វីដែលកម្មវិធីនេះចង់បានឡើយ។

https://www.youtube.com/v/VdcfH6pj5q4

ច្រៀងបទរួមជាមួយ កញ្ញាឱក សុគន្ធកញ្ញា៖ Call Tune ឆ្លងឆ្លើយ
គាត់អាចចាត់ទុកថាមានសំណាង ដែលចាប់បានចំគណកម្មការស្រីតែម្នាក់គត់ ក្នុងកម្មវិធី។ គូនេះបើកឆាកច្រៀងជាគូបានយ៉ាងគួរអោយសរសើរ ទាំងពីរនាក់កាយវិការរស់រវើក ល្អមើល អាចអោយពិន្ទុ១០លើ១០។

https://www.youtube.com/v/JdK8_4FJgRY

សុវត្ថិឌី ធារិកា
ច្រៀងបទ៖ នៅសុខៗមានអារម្មណ៍ចង់យំ និង ភ្លៀង
ការតុបតែងខ្លួនរបស់ ក្មេងស្រីតូច ធារិកា មានលក្ខណៈស្អាតបាតណាស់ សាកសមជានារីទាន់សម័យ តែ មិនទាន់ពេញលេញជាតារាចំរៀងរ៉ក់នៅឡើយទេ។ នៅបទទីមួយ នាងច្រៀងបានល្អ មិនមានភាពរអាក់រអួលឡើយ តែពេលដល់បទទី២វិញ នាងហាក់ត្រៀមខ្លួនមិនទាន់បានល្អនៅឡើយ ធ្វើអោយសំលេងស្រែកច្រៀងចុងៗ បែកមិនពិរោះស្តាប់សោះ កំហុសនេះក៏អាចជាហេតុផល ដែលនាងត្រូវចាកចេញពីកម្មវិធីនេះដែរ។

https://www.youtube.com/v/ZOUNpwbWmCU

ច្រៀងបទរួមជាមួយ លោកព្រាប សុវត្ថិ៖ ចប់ដោយគ្មានវាចា
មិនមានអ្វីគួរអោយកត់សំគាល់ឡើយ ព្រោះអ្នកទាំងពីរសហការច្រៀងបានល្អ ការសំដែងក៏បានទៅយ៉ាងរលូន។

https://www.youtube.com/v/VzbwnF1Wvls

សៅ ឧត្តម
ច្រៀងបទ៖ ដាក់ទានចិត្តស្មោះ និង My Love Don’t Cry
Show នេះឧត្តមច្រៀងបទទី១បានល្អជាងបទទី២ គាត់បានបង្ហាញ នូវការវិត្តិសមត្ថភាពច្រៀងបានល្អ ដោយគាត់អាចច្រៀងដល់ ណូតខ្ពស់បាន ហើយការប្រើប្រាស់សំលេងបែកក្នុងចំរៀងរ៉ក់ ក៏សមស្រប រីឯការតុបតែងខ្លួនវិញក៏អាចបន្ថែមពិន្ទុអោយបាន។

https://www.youtube.com/v/18uObPFAr7M

ច្រៀងបទរួមជាមួយ លោកណុប បាយ៉ារិទ្ធិ៖ ពិសោធស្នេហ៍ប្រែឈឺចាប់
ចំរៀងនេះ ត្រូវនិងសំលេង ឧត្តម ដោយមានការចាប់ផ្តើមច្រៀងដំបូង បានល្អមែនទែន គាត់នៅតែមិនធ្វើអោយ អ្នកគាំទ្ររបស់គាត់ ខកចិត្តបន្តិចសោះឡើយ។

https://www.youtube.com/v/-w5lOKn9jAY

នី រតនា
ច្រៀងបទ៖ បងពីមុនឆ្កួតបាត់ហើយ និង ព្រាត់ចុះ
រតនា បានបន្សល់ទុកនូវរបត់ដ៏អស្ចារ្យមួយ នៅសប្តាហ៍មុន ចំពោះសប្តាហ៍នេះវិញ ខ្ញុំអាចនិយាយបានថា គាត់គឺជាបេក្ខជនដែលលេចធ្លោ ទាំងសំលេង កាយវិការនិង ការតុបតែខ្លួន។ តើមានអ្វីជំរុញអោយ រតនាអាចរីកចំរើនមកដល់ដំណាក់កាល នេះត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ?

https://www.youtube.com/v/yW8Y2O-Wj1M

ច្រៀងបទរួមជាមួយ លោកឆន សុវណ្ណរាជ៖ នឹក A ស្រលាញ់ B
នេះគឺជាគូចម្រៀងដែលខ្ញុំពេញចិត្តបំផុត ដោយហេតុថាសំលេងអ្នកទាំងពីរ គឺសុទ្ធតែខ្ញុំចូលចិត្តទាំងអស់ សំលេងស្រទន់ ផ្អែម តែមិនខ្សោយ កាយវិការសីុសង្វាក់គ្នា។

https://www.youtube.com/v/Q9a2N7exQkA

បេក្ខជនដែលអាចឈានជើងចូលវគ្គផ្តាច់ព្រ័ត្ររដូវកាលទី១​ មាន៖
នី រតនា
ម៉ៅ ហាជី
សៅ ឧត្តម

ពិតជាគួរអោយសោកស្តាយ ចំពោះក្មេងស្រីតូច សុវត្ថិឌី ធារិកា ដែលមិនអាចឆ្លងដល់វគ្គផ្តាច់ព្រ័ត្របាន ទោះបីជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាបានទទួលស្គាល់ និងពេញចិត្តយ៉ាងខ្លាំងនូវការខិតខំប្រឹងប្រែង របស់នាងរហូតមក ។