ក្រោយពីអានព៌តមាន បានដឹងថាហេតុការណ៍ដ៏រន្ធត់កើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនាយប់ថ្ងៃសុក្រ ទី១៣ វិច្ឆិកា។ ទង្វើដ៏ព្រៃផ្សៃនេះ ត្រូវបានគេជឿថាគឺជាសកម្មភាព របស់ក្រុមភេរវករ រដ្ឋឥស្លាម ISIS ដែលជាពួកសាសនាជ្រុលនិយម ដើរប្រព្រឹត្តិតែអំពើឆ្កួតៗធ្វើបាបគេឯង។ ទីក្រុងប៉ារីសនេះ ត្រូវបានពួកនេះវាយប្រហារពីរដងហើយ លើកទីមួយគឺធ្វើទៅលើ ការិយាល័យសារព័ត៌មាន ទស្សនាវដ្តី Charlie Hebdo នៅខែមករាឆ្នាំដដែលនេះ។ កាន់តែដុនដាបជាងនេះទៅទៀតនោះគឺ ភោជនីយដ្ឋានខ្មែរមួយដែលនៅក្បែរកន្លែងកើតហេតុ ឈ្មោះ Le Petit Cambodge ក៏ទទួលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រហូតដល់មានមនុស្សស្លាប់២នាក់ ទាក់ទងនិងការបាញ់ប្រហារនេះផងដែរ។
រឿងរ៉ាវធំបែបនេះគឺប្រាកដជា គេចមិនផុតពីការជជែកពិភាក្សា ពីសំណាក់ជនរួមជាតិហ្វេសប៊ុកឡើយ។ ឃើញថាម្នាក់ៗបានប្តូររូបថត Profile ខ្លួនមកភ្ជាប់និងស្រមោលរូបទង់ជាតិបារាំងដូចឧទាហរណ៍ខាងក្រោម ដោយអ្នកខ្លះទៀតមានទាំងថែមពាក្យថា Pray for Paris។





ពិភពលោកទាំងមូលក៏ជួយធ្វើការអធិដ្ឋានដល់ប្រទេសបារាំងផងដែរ ដែលបង្ហាញដោយការបញ្ចាំងភ្លើងព៌ណតំនាង រូបទង់ជាតិប្រទេសបារាំងទៅលើស្ថាបត្យកម្មល្បីរបស់ខ្លួន។
Opera House នៃទីក្រុង សុីដនី ប្រទេសអូស្ត្រាលី



The United States Capitol នៃសហរដ្ឋអាមេរិក



រូបចំលាក់ព្រះយេស៊ូ Jesus Christ នៃទីក្រុង Rio de Janeiro ប្រទេសប្រេសុីល



រីឯទួលអេហ្វេល(Eiffel Tower) របស់ប្រទេសបារាំងផ្ទាល់វិញ ក៏មានការបិទភ្លើងព៌ណ ផ្អាកការបង្ហាញភាពឆើតឆាយ គួរអោយស្រណោះ។



ការបាញ់ប្រហារនៅទីក្រុងប៉ារីស បង្ករអោយមានការបួងសួងយ៉ាងអឹកធឹក លើពិភពលោក តែឈប់សិន តើអ្នកមានដែលដឹងទេថា នៅមុនហេតុការណ៍ទីក្រុងប៉ារីសមួយថ្ងៃ គឺនាថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងបេរូតភាគខាងត្បូង នៃប្រទេសលីបង់ មានការបំផ្ទុះគ្រាប់បែកអត្តឃាត របស់បុគ្គលពីររូប បានសម្លាប់មនុស្សយ៉ាងហោចណាស់៤៣នាក់ និង ជាង២០០នាក់បានរងរបួស រួមទាំងហាងលក់ជាច្រើនត្រូវបានខូចខាត និងក្រុមគ្រួសារត្រូវបានសម្លាប់។



តើជនរងគ្រោះទាំងនោះមិនមែនជាមនុស្សដែរឬអី? កប់យោបល់ហើយខ្ញុំ ប្រសិនបើអ្នកចង់បួងសួង សូមបួងសួងដោយសុទ្ធចិត្ត និងចេញពីបេះដូងពិតប្រាកដ មិនមែនប្តូរតែរូបប្រូហ្វាលមានរូបទង់ជាតិបារាំង តែទឹកមុខវិញបែរជា ញញឹមញញែមនៅក្នុងរូប សូមប្រាប់ថាវាគ្មានន័យអ្វីឡើយ។

ជាចុងក្រោយខ្ញុំចង់រំលឹកអ្នកថា ប្រទេសទាំងអស់លើពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមមុខនិងការវាយប្រហារ និងមានជនស្លូតត្រង់ស្លាប់យ៉ាងអយុត្តិធ៌ម ជាប្រចាំថ្ងៃ គ្រាន់តែយើងមិនបានដឹង និងមិនមានសារព៌តមាន ឬប្រព័ន្ធផ្សព្វផ្សាយណា ខ្វល់ខ្វាយក្នុងការចុះផ្សាយអោយពួកយើងដឹងឡើយ។ សូមអ្នកយល់ថា វាមិនមែនជាការវាយប្រហារប្រឆាំងក្រុងប៉ារីស ឬបេរូតតែប៉ុណ្ណោះទេ វាគឺជាការវាយប្រហារប្រឆាំងនឹងមនុស្សជាតិ។ ដូច្នេះសូមកុំជ្រួលជ្រើមទៅតាម អ្វីដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ពង្វក់យើងអោយធ្វើតាម អោយមើលឃើញដូចវាដែរ។

សូមអធិដ្ឋានដល់ពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិតនៅហេតុការណ៍ ដ៏អាក្រក់ទាំងអស់នេះ និងសូមអោយមានការផ្តល់តំលៃមនុស្សជាតិទូទៅ មិនមែនសំរាប់តែ មនុស្សជាតិរបស់ប្រទេសណាមួយឡើយ។

Let’s pray for Beirut as much as we’re praying for Paris.