ការកើតមុនលើផ្ទៃមុខអាចបណ្តាលមកពីការចុះខ្សោយនៃប្រព័ន្ធកំចាត់ជាតិពុលក្នុងខ្លួន

មានមូលហេតុជាច្រើនដែលបណ្តាលអោយកើតមុន។ អ្នកអាចសាកល្បងកែលំអចំនុចមួយចំនួន។
១ កែលំអទម្លាប់នៃការរស់នៅ៖ ការគេងអោយបានគ្រប់គ្រាន់មិននៅដល់យប់ជ្រៅ និង ការហាត់ប្រាណអោយបែកញើស មានសារៈសំខាន់ក្នុងការជួយរាងកាយអ្នកកំចាត់នូវជាតិពុលពីក្នុងខ្លួន ។
២ រក្សាពោះវៀនអោយមានសុខភាពល្អ៖ ដំនើរការនៃពោះវៀនមានសារៈសំខាន់ក្នុងការកំចាត់ជាតិពុលដែរ។ បើការបំបាត់ជាតិពុលរបស់ពោះវៀនមិនដំនើរការបានល្អទេ រាងកាយនឹងបញ្ចេញជាតិពុលតាមរយៈស្បែកវិញ។ ដូចនេះការថែរក្សាពោះវៀនអោយមានសុខភាពល្អជាការចាំបាច់ មិនត្រឹមតែក្នុងការរក្សាស្បែកអោយល្អទេ តែក៏ដើម្បីមានសុខភាពល្អសំរាប់រាងកាយអ្នក។ អ្នកអាចធ្វើអោយពោះវៀនមានដំនើរការល្អដោយបរិភោគអាហារដែលមានជាតិសរសៃច្រើន ផ្លែឈើ និងផឹកទឹកអោយបានគ្រប់គ្រាន់។
៣ មិនឃាត់ឃាំងចិត្តខ្លួនឯងមិនអោយសប្បាយចិត្តដោយសារការកើតមុន៖ អ្នកអាចមានអារម្មណ៍មិនល្អ មិនចង់ជួបមនុស្ស មិនហ៊ានមើលមុខគេនៅពេលនិយាយជាមួយមិត្តភក្តិ។ អ្នករៀបនឹងសប្បាយចិត្ត តែនៅពេលអ្នកគិតដល់ការកើតមុន អ្នកបែរជាមានអារម្មណ៍ធុញទ្រាន់ ហាក់ដូចជាអ្នកកំពុងឃាត់ឃាំងខ្លួនឯងមិនអោយសប្បាយចិត្ត។ តាមពិត មានមនុស្សមួយចំនួនដែលគេមិនធ្វើអោយខ្លួនឯងមិនសប្បាយចិត្តជាមួយនឹងការកើតមុន ឬចំនុចអន់ណាមួយចំពោះរូបរាងរបស់ខ្លួនឡើយ។ តើអ្នកអាចស្រមៃឃើញរូបភាពនៃមនុស្សម្នាក់ដែលកើតមុខពេញមុខ តែអាចបង្កើតស្នាមញញឹមរួសរាយនិងអាចនិយាយស្តីលេងសើចជាធម្មតាបានដែរឬទេ? វាអាចទៅរួចតើមែនទេ?

ទម្លាប់ល្អក្នុងការលាងសំអាតស្បែកមុខជារៀងរាល់ថ្ងៃ ក៏មានសារៈសំខាន់ដែរ រីឯការជ្រើសរើសផលិតផលប្រើប្រាស់លើផ្ទៃមុខវិញ គឺជាបញ្ហាឈឺក្បាលបំផុតសំរាប់អ្នកដែលមានស្បែកឆាប់ប្រតិកម្ម។ អ្វីដែលសំខាន់មួយទៀតនោះគឺ ត្រូវធ្វើចិត្តអោយសប្បាយសប្បាយ មិនគិតច្រើន មិនធ្វើការហត់ខ្លាំងពេក ត្រូវឧស្សាហ៍លាងសំអាតដៃ និងមិនត្រូវយកដៃទៅប៉ះពាល់ផ្ទៃមុខញឹកញាប់ពេកនោះទេ។

ឆ្លើយតប