ដំណើរកម្សាន្តចុងសប្តាហ៍នៅខេត្តឡឺយ

សួស្តីអ្នកទាំងអស់គ្នា! រដូវរងារក៏បានកន្លងផុតទៅហើយ តើអ្នកទាំងអស់គ្នាបានទៅសម្រាកលំហែរកាយនៅកន្លែងណាខ្លះ? ចំណែកខ្ញុំវិញបានទៅសម្រាកលំហែកាយជាមួយមិត្តភ័ក្តិនៅខេត្តឡឺយ ប្រទេសថៃ។ ដូចបាននិយាយពីពេល កន្លងទៅអញ្ចឹងដោយសារតែខ្ញុំជានិស្សិតអាហារូបករណ៍កំពុងរៀននៅសាកលវិទ្យាល័យមហាសារខាម ប្រទេសថៃ ដូច្នេះនៅពេលទំនេរពីការរៀន ខ្ញុំចង់ដើរឱ្យបានច្រើន ព្រោះចង់ដឹងថានៅស្រុកគេ និងយើងមានភាពដូចគ្នា និងខុសគ្នា យ៉ាងម៉េចខ្លះ? អញ្ចឹង តោះ! ទៅលេងខេត្តឡឺយជាមួយគ្នា.... :D

ខេត្តឡឺយ (Loei) ជាខេត្តមួយដែលមានទីតាំងនៅភាគឦសាននៃប្រទេសថៃ មានចម្ងាយពីទីក្រុងបាងកកប្រហែល 520 គីឡូម៉ែត្រ ជាតំបន់ភ្នំ មានទេសភាពស្រស់ស្អាត អាកាសធាតុត្រជាក់ ជាប្រភពកន្លែងដាំដុះរុក្ខជាតិលម្អ និងផ្កាជាច្រើនប្រភេទ និងជាខេត្តទាក់ទាញទេសចរណ៍ដ៏សំខាន់ទៀតផង។
ពីខេត្តមហាសារខាម-ឡឺយ ប្រហែល 4 ម៉ោង

ចេញដំណើរដោយរថយន្តពីខេត្តមហាសារខាមម៉ោង 6 ព្រឹក ទៅដល់ខេត្តឡឺយម៉ោងប្រហែល 10 ព្រឹក រួចហើយចូលស្នាក់នៅ សណ្ឋាគារនៅទីរួមខេត្ត ដើម្បីសម្រាកយកកម្លាំង ម្យ៉ាងឱ្យមិត្តភក្តិធ្វើធុរៈឱ្យរួចសិន (មិត្តភក្តិនៅខេត្តឡឺយ)។ យើងមានពេល 2 ថ្ងៃក្នុងការដើរលេងនៅខេត្តនេះ គឺថ្ងៃសៅ និងអាទិត្យ។
រូបភីតាខូន (ผีตาโขน) ជាឈ្មោះប្រភេទខ្លោចម្យ៉ាងតំណាងខេត្តឡឺយ

បន្ទាប់ពីសម្រាកយកកម្លាំងមួយសន្ទុះធំ ប្រហែលម៉ោងមួយរសៀល មិត្តភក្តិក៏មកដល់ល្មម (យើងមានគ្នា 3 នាក់) រួចហើយក៏ ចេញដំណើរទៅស្រុកឆៀងខានដែលមានចម្ងាយ 47 គីឡូម៉ែត្រពីទីរួមខេត្តឡឺយ។

ស្រុកឆៀងខាន (Chiangkhan) ជាស្រុកមួយនៃខេត្តឡឺយមានទីតាំងនៅតាមបណ្តោយដងទន្លេមេគង្គដែលជាព្រំដែនបែងចែករវាង ប្រទេសថៃ ជាមួយប្រទេសឡាវ។ ប្រជាជនទីនេះរស់នៅសប្បាយៗ ជីវភាពសមរម្យ រស់នៅបែបសម័យបុរាណ ដែល មិនងាយនឹងប្រទះនៅសម័យបច្ចុប្បន្ន ហើយប្រពៃណីយវប្បធម៌ ទំនៀមទម្លាប់ ការរស់នៅ ត្រូវបានគេអភិរក្ស ដែលជា ហេតុធ្វើឱ្យស្រុកដែលមានទំហំតូល្មម និងស្ងប់ស្ងាត់នេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទេសចរណ៍។ ផ្ទះបុរាណដែលតាំងរៀងនៅជាប់ៗគ្នាតាមបណ្តោយមាត់ទន្លេមេគង្គ ធ្វើឱ្យអ្នកទេសចរណ៍ជាប់ចិត្តនឹងស្ថាបត្យកម្ម បរិយាកាសដ៏ត្រជាក់ល្ហៀកៗ ព្រមទាំងទេសភាពដ៏ស្រស់បំព្រង។



ដើរលេងនៅឆៀងខានរហូតដល់ម៉ោង 8 យប់ ទើបនាំគ្នាត្រឡប់ទៅទីរួមខេត្តវិញ។ មូលហេតុដែលទៅគេងនៅទីរួមខេត្ត ព្រោះនៅឆៀងខាន គេហាមឃាត់កន្លែងកម្សាន្តដែលមានគ្រឿងស្រវឹង (ខ្សិបតិចៗ)។ មកដល់សណ្ឋាគារសម្រាកបានមួយ ភ្លែត ដល់ម៉ោង (10.30 យប់) សិក្សាស្វែងយល់ពីការប្រើជីវិតពេលរាត្រីរបស់អ្នកស្រុកនេះល្មម ព្រោះមិត្តភក្តិប្រាប់ថា មកដល់ទីនេះហើយ មិនគួររំលង robot club ទេ។ ប្រាកដជាចង់ដឹងហើយមែនទេថា បរិយាកាសវាយ៉ាងម៉េច? ពេលដែលដើរដល់ទ្វារចូល គេមានក្រាលកម្រាលព្រំពណ៌ក្រហមតាមច្រកផ្លូវដើរ ជាមួយនឹងពន្លឺភ្លឺស្រទន់ក្រហមព្រឿងៗ លាយឡំនឹងសម្លេងច្រៀងចម្រៀងប្រចាំតំបន់ និងបរទេសឆ្លាស់គ្នាម្តងម្កាល។ នៅចំកណ្តាលមានឆាកមួយទៀត ដែលមានរាងជារង្វង់មានបង្គោលដែកកណ្តាលមួយ នៅជុំវិញឆាកកណ្តាលមានតុរាយពាសពេញដែលយុវវ័យតែងខ្លួន ស៊ីវិល័យកំពុងអង្គុយ។ កន្លះម៉ោងកន្លងផុតទៅស្រាប់តែភ្លើងហ្វាច្រើនចំរុះពណ៌បាច់ពន្លឺមកចំឆាកកណ្តាល រំពេចនោះ ស្រាប់តែឃើញស្រីស្អាត 5 នាក់ ស្លៀកពាក់បិទបាំងតែបីចំណុច មករាំពត់ពែន រូសចុះរូសឡើងជាមួយបង្គោលដែក លាយឡំ និងសម្លេងហ៊ោលាន់រំពង។ ប្រហែល 15 នាទីកន្លងផុតទៅតែមានប្រុសៗ មាឌធំសាច់ដំកង់ៗ ស្លៀកតែខោក្នុងមកឡើងរាំ បន្ត ធ្វើឱ្យស្រីៗ ចិត្តសប្បុរសធម៌មួយចំនួនយកលុយធិបទៅប្រគេនញាត់ក្នុងខោ។ មានអារម្មណ៍ថា តែមួយភ្លែតសោះ ម៉ោងជិត 2 ភ្លឺទៅហើយ ពួកយើងក៏ប្រញាប់ត្រឡប់ទៅគេង ដើម្បីយកកម្លាំង ដើរលេងថ្ងៃស្អែកទៀត (វគ្គនេះគេហាមថត ហាស់..ហា...)។

ថ្ងៃនេះជាថ្ងៃទី 2 ហើយក៏ជាថ្ងៃចុងក្រោយដែរ ប៉ុន្តែមុននឹងធ្វើដំណើរត្រឡប់ទៅសាកលវិទ្យាល័យវិញ សុំឆ្លៀតចូលកន្លែង ដើរលេងមួយកន្លែងទៀត និងជាឱកាសបានភ្លក់អាហារប្រចាំតំបន់ទៀតផង ទីនោះគឺ ទំនប់ខ្ទីង ឬ huay krating។

ទំនប់ខ្ទីង មានទីតាំងនៅស្រុកមឿង (ទីរួមខេត្ត) ខេត្តឡឺយ ក្រោមការមើលថែទាំរបស់ឧទ្យានជាតិហរិហរក្ស។ វាគឺជាទំនប់ទឹកដែលអាចផ្ទុកទឹកបាន 26 លានម៉ែត្រគូប លើផ្ទៃដី 240 ហិកតា ប្រវែងមុខកាត់ 800​ ម៉ែត្រ ដើម្បីទប់ទឹក ប្រើប្រាស់ និងបង្កើតជាកន្លែងទេសចរណ៍ធម្មជាតិ ដែលមានដើមឬស្សី និងព្រៃឈើដ៏ខៀវស្រងាត់ និងមានភ្នំព័ទ្ធជុំវិញ។ អ្នកទេសចរណ៍ភាគច្រើនមកអង្គុយលំហែរកាយ លេងទឹក បណ្តែតក្បូន ព្រមញ៉ាំអាហារប្រចាំតំបន់ដោយមើលទេសភាពដ៏ ស្រស់ស្អាត និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅលើក្បូនទៀតផង។ យ៉ាងម៉េចដែរកន្លែងដើរលេងនៅខេត្តឡឺយ គួរឱ្យចាប់អារម្មណ៍ទេ?

ថ្លៃចាយវាយរយៈពេល 2 ថ្ងៃ 1 យប់
- ចាក់ស៊ាំងឱ្យមិត្តភក្តិ 500 បាត/2 នាក់ = 250 បាត
- ថ្លៃសណ្ឋាគារ 400 បាត /3 នាក់ = ប្រហែល 135 បាត
- ទិញរបស់ផ្ញើរ = 300 បាត
- ថ្លៃហូបចុក 2 ថ្ងៃ X 4 ពេល = 400 បាត
- ចូលលក្លឹប = ប្រហែល 330 បាត
** សរុបប្រហែល 1,415 បាត
** អាត្រាប្តូរប្រាក់ 1 បាត ប្រហែល 120 រៀល
អង្គុយញ៉ាំអាហារ និងលំហែរការនៅលើក្បូន
ទេសភាពមើលពីលើ
ក្បូនដែលគេបណ្តែតនៅទំនប់ខ្ទីង

ឆ្លើយតប