នរណាក៏ធ្លាប់កើតមានដំបៅក្នុងមាត់ដែរ។ វាអាចកើតមាននៅក្នុងមាត់ លើអណ្តាត ឬនៅតាមអញ្ចាញធ្មេញ។ ដំបៅមាត់ភាគច្រើនមានទំហំប្រហែល១សង់ទីម៉ែត មានពណ៌សព័ទ្ធដោយរង្វង់ក្រហមដែលជាការរលាក។ ជាធម្មតា ដំបៅមាត់នេះនឹងជាសះស្បើយដោយឯកឯងវិញក្នុងរយៈពេល១សប្តាហ៍។ ប៉ុន្តែ អ្នកត្រូវទ្រាំនឹងការឈឺចាប់ក្នុងមាត់ទំរាំជាសះស្បើយ។ ការកើតមានដំបៅមាត់នេះ គឺជាសញ្ញប្រាប់ថាសុខភាពរាងកាយរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អទេ ដូច្នេះ អ្នកគួរចាប់ផ្តើមផ្លាស់ប្តូរទម្លាប់នៃការរស់នៅអោយបានប្រសើរឡើងវិញ។ 

មូលហេតុនៃការកើតដំបៅមាត់មានដូចជា៖
- ការខ្វះវីតាមីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ រួមមាន វីតាមីនB12 សារធាតុFolic acid ជាតិស័ង្កសី(Zn) ធាតុដែក ជាដើម
- ការប៉ះទង្គិចខ្លាំង រួមមាន ការដុសធ្មេញខ្លាំងៗ ការប្រើប្រាស់បករណ៍ពត់តម្រង់ធ្មេញ ធ្មេញសិប្បនិម្មិត ជាដើម
- ការចុះខ្សោយនូវប្រព័ន្ធការពាររបស់រាងកាយ

វិធីព្យាបាល គឺអ្នកអាចទ្រាំរយៈពេល១សប្តាហ៍ដោយជៀសវាងការប៉ះទង្គិចនឹងដំបៅនោះនិងជៀសវាងបរិភោគអាហារឬផ្លែឈើដែលមានជាតិជូដែលវាជាជាតិអាស៊ីធ្វើអោយដំបៅមាត់របស់អ្នកក្រនឹងជាសះស្បើយ។ ឬក៏អ្នកអាចប្រើប្រាស់ថ្នាំដែលជាវពីឱសថស្ថានដើម្បីបំបាត់ការឈឺចាប់បណ្តោះអាសន្ន។ អ្វីដែលសំខាន់ដែលអ្នកត្រូវចង់ចាំនិងអនុវត្ត នោះគឺការកែលម្អទម្លាប់រស់នៅរបស់អ្នក គឺអ្នកត្រូវគេងអោយបានគ្រប់គ្រាន់ និង បរិភោគផ្លែឈើអោយបានច្រើនព្រោះផ្លែឈើជាប្រភពនៃវីតាមីននិងជាតិរ៉ែជាច្រើនប្រភេទ។