ខ្មែរជួយខ្លួនឯង និងខ្មែរជួយខ្មែរ

សួស្តី! សមាជិកខ្មែរឌីសកាសសិនទាំងអស់ កាលពីថ្ងៃទី 4 សីហា 2016 ខ្ញុំបានមើលពត៌មានទាក់ទងពីបទវិភាគ “ខ្មែរជួយខ្លួនឯង និងខ្មែរជួយខ្មែរ” ក្នុងកម្មវិធីកម្ពុជាល្ងាចនេះ របស់ទូរទស្សន៍ភីអិនអិន ដែលវិភាគដោយលោកប៉ែន បូណា និងអ្នកនាងទេព សុរ៉ាវីជាពិធីករ។ ពេលស្តាប់ហើយធ្វើឱ្យខ្ញុំគិតថា ប្រសិនជាយើងចូលរួមជួយគ្នាម្នាក់បន្តិចៗ វានឹងក្លាយជាកម្លាំងចលករមួយជួយជម្រុញឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង ហើយរស់នៅជាមួយគ្នាយ៉ាងមានសេក្តីសុខ ដោយសរុបខ្លីៗដូចតទៅនេះ
លោកប៉ែន បូណា បានវិភាគថា ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរចាកចេញពីភាពក្រីក្រឱ្យបានឆាប់រហ័ស មានមធ្យោបាយសំខាន់ 2 គឺ
1. ខ្មែរត្រូវជួយខ្លួនឯងៈ ចាំបាច់កំចាត់ជំងឺខ្ជិល ជំងឺស្រា និងជំងឺល្បែងចេញ។
2. ខ្មែរជួយខ្មែរៈ ទី1 អ្នកមានជួយអ្នកក្រ ដូចជា តាមរយៈមូលនិធិ និងការបរិច្ចាគផ្សេងៗ ។ល។  ទី2 អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន (ត្រូវជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ មិនមែនជួយដាក់បន្ទុកដល់ប្រជាពលរដ្ឋបន្ថែមនោះទេ)។
 
អានសេចក្តីលំអិតបទវិភាគខាងក្រោមនេះ
 
បទវិភាគ “ខ្មែរជួយខ្លួនឯង និងខ្មែរជួយខ្មែរ”

រយៈពេល 37 ឆ្នាំ ក្រោយចាកចេញពីរបបខ្មែរក្រហម និង 23 ឆ្នាំនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រទេសកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ទាំងហេដ្ឋារចនាសម្ព័ន្ធ សង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយដើម្បីជួយប្រជាពលរដ្ឋខ្មែរជាច្រើនចាកចេញពីភាពក្រីក្រយ៉ាងឆាប់រហ័ស គោលការណ៍ខ្មែរជួយខ្លួនឯង និងខ្មែរជួយខ្មែរ គឺជាផែនទីជួយចង្អុលផ្លូវសម្រាប់សង្គមខ្មែរទាំងមូល។
នៅក្នុងសង្គមខែ្មរ ក្រោយពេលចាកចេញពីរបបខ្មែរក្រហម ប្រជាជនម្នាក់ៗ មានបាតដៃទទេរដូចគ្នា។ បញ្ញវន្ត អ្នកចេះដឹងត្រូវបានខ្មែរក្រហមសម្លាប់ស្ទើរតែគ្មានសល់ ចំណែកអ្នករស់នៅដែលរួចពីសេចក្តីស្លាប់រងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយសារអ្នកខ្លះព្រាត់ប្រាស់គ្រួសារដោយសារខ្មែរក្រហមសម្លាប់ ឯអ្នកខ្លះទៀតរងនូវការធ្វើទារុណកម្មហួសប្រមាណ។ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធសង្គមវិញ យើងឃើញថាមានការខ្ទេចខ្ទីក្លាយជាផេះផង់ ចំណែកការស្តារប្រទេសឡើងត្រូវបានធ្វើឡើងតាមគោលការណ៍អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។ បច្ចុប្បន្ន បើយើងក្រឡេកមើលសង្គមខ្មែរ យើងទទួលស្គាល់ថាមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ទីក្រុងភ្នំពេញកាលពីមុនដែលជាទីក្រុងខ្មោច បច្ចុប្បន្នបានក្លាយជាទីក្រុងដែលមានសកម្មភាព ពោរពេញទៅដោយការកកស្ទះចរាចរណ៍ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើក និងមានអគារខ្ពស់ៗ រីកដុះដាលដូចផ្សិត។ ប៉ុន្តែយ៉ាងណាក៏ដោយប្រជាជនខ្មែរយើងទទួលភាគផលពីការអភិវឌ្ឍន៍ប្រទេសមិនដូចគ្នានោះទេ មានអ្នកខ្លះមានខ្លាំង អ្នកខ្លះមានមធ្យម អ្នកខ្លះក្រ ឬរស់នៅលើបន្ទាត់ក្រីក្រតែបន្តិចបន្តួចប៉ុណ្ណោះ។ ដូច្នេះហើយ អ្នកទាំងអស់នោះហើយដែលយើងត្រូវតែយិតយោងពួកគាត់ឱ្យចាកចេញពីភាពក្រីក្រ ឬចាកឆ្ងាញពីបន្ទាត់នៃភាពក្រីក្រ។
យើងមានមធ្យោបាយសំខាន់ 2 គឺ ដែលអាចចាត់ទុកថាជាផែនទីចង្អុលផ្លូវដ៏សំខាន់
1.   ខ្មែរត្រូវជួយខ្លួនឯងៈ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវខិតខំជួយខ្លួនឯងជាមុនសិន មុននឹងស្វែងរកជំនួយពីខាងក្រៅ ដើម្បីជួយខ្លួនឯងយើងចាំបាច់កំចាត់ជំងឺ 3 ប្រភេទចេញពីខ្លួនគឺ
1.1   ជំងឺខ្ជិលៈ កុំទុកពេលទំនេរឥតប្រយោជន៍ព្រោះពេលវេលាជាមាសប្រាក់ ពេលចប់កិច្ចការពីស្រែចំការយើងត្រូវដាំបន្លែបង្ការនៅជុំវិញផ្ទះ ចិញ្ចិមមាន់ ទា ជ្រូក គោ ក្របី ឬមុខរបរអ្វីមួយដែលអាចធ្វើទៅបាន ជៀសវាងទុកពេលទំនេរអង្គុយរកចៃ អង្គុយនិយាយដើមគេ ឬមួយដេកលេងឥតប្រយោជន៍។
1.2   ជំងឺស្រាៈ មានប្រជាពលរដ្ឋខ្មែរច្រើនណាស់ដែលចូលចិត្តពិសារស្រា ស្រវឹងជោគជាំមកដល់ផ្ទះរករឿងប្រពន្ធកូន មិនត្រឹមមានតែបុរសទេ ស្រ្តីខ្មែរក៏ចូលចិត្តស្រវឹងសា្រដូចគ្នា របររកស៊ីអ្វីក៏មិនបានដើរតែផឹកស្រាអស់លុយថែមទាំងជំពាក់គេថែមទៀត។ បើគ្រួសារមួយមានមេគ្រួសារស្រវឹងរាល់ថ្ងៃ ប្រាកដណាស់ថាពួកគេមិនអាចកែប្រែជីវភាពឱ្យប្រសើរឡើងបានទេ។
1.3   ជំងឺល្បែងៈ មានគ្រួសារខ្មែរជាច្រើនដែលញៀននឹងល្បែងដូចជា កន្ទុយលេខ ឆ្នោត បៀរ អាប៉ោងជាដើម លុយរកបានប៉ុន្មានក៏មិនសល់ដែរព្រោះតែចាញ់ល្បែង អ្នកខ្លះចាញ់ល្បែងរហូតដល់លក់អស់ទ្រព្យសម្បត្តិ គោ ក្របី ដីស្រែ ផ្ទះសម្បែងអស់ពីខ្លួន។
 ជំងឺទាំង3 យ៉ាងនេះជាប្រភពនៃភាពក្រីក្រ ដូច្នេះ បើយើងអាចកំចាត់វាបាន គ្រួសារខ្មែរយើង
នឹងអាចនឹងមានជីវភាពប្រសើរឡើងជាងមុន ហើយអ្វីដែលសំខាន់ជាងនេះគឺខ្មែរត្រូវជួយខ្មែរ។
2.   ខ្មែរជួយខ្មែរៈ មានន័យថា ទី1 អ្នកមានត្រូវជួយអ្នកក្រ ទី2 អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយប្រជាពលរដ្ឋ
នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរបៀបជួយឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពនោះគឺ “បង្រៀនមនុស្សឱ្យចេះរកត្រី ប្រសើរជាងឱ្យត្រី” មានន័យថា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទាំងឡាយគួរតែចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនមួយចំណែក ដើម្បីជួយដល់អ្នកក្រគឺ ជួយតាមរយៈមូលនិធិ ដើម្បីគ្រាំទ្រខាងបច្ចេកទេស ជំនាញ ឬហិរញ្ញវត្ថុទៅដល់ការបង្កើតមុខរបរផ្សេងៗ ឬជួយដោះស្រាយបញ្ហាឬសគល់ដែលប្រជាពលរដ្ឋក្រីក្រកំពុងជួបប្រទះ នេះគឺជាគោលការដ៏សំខាន់មួយ ដូចសុភាសិតខ្មែរយើងបានពោលថា “អ្នកមានរក្សាក្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ាន”។ ចំណែកសមត្ថកិច្ចវិញក៏ត្រូវជួយគាំទ្រ ជួយដោះស្រាយបញ្ហាសម្របសម្រួលកិច្ចការទាំងឡាយណាដែលប្រជាពលរដ្ឋត្រូវការ ក្រៅពីនេះអជ្ញាធរមានសមត្ថកិច្ចត្រូវតែជួយស្វះស្វែងរកជំនួយអភិវឌ្ឍន៍នានា ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួន ការពារសន្តិសុខឱ្យប្រជាពលរដ្ឋ ដូចជាគោលការភូមិឃុំមានសុវត្តិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញជាដើម។ និយាយរួមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មិនត្រូវធ្វើជាអ្នកដាក់បន្ទុកដល់ប្រជាពលរដ្ឋទេ ផ្ទុយទៅវិញត្រូវធ្វើជាអ្នកជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋស្របតាមគោលការណ៍របស់ប្រមុខដឹករាជរដ្ឋាភិបាល នេះហើយដែលគេហៅថា “ខ្មែរជួយខ្មែរ”។   
បច្ចុប្បន្នចលនាខ្មែរជួយខ្មែរចាប់ផ្តើមកើតមានឡើង ហើយកាន់តែផុសផុលជាលំដាប់ ដោយ
ចុងក្រោយនេះយើងឃើញហើយថា ទាំងផ្នែកឯកជន ទាំងសង្គមស៊ីវិល ទាំងលក្ខណៈបុគ្គល ឬឯកជនបានធ្វើសកម្មភាពសម្រាប់សង្គមបានយ៉ាងច្រើនគួរឱ្យកត់សំគាល់ គឺជួយទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងទ្រពសម្ភារៈ ចំណែកប្រមុខដឹកនាំរាជរដ្ឋាភិបាលដូចយើងបានឃើញហើយកំពុងតែបានធ្វើសម្មភាពជាគំរូដើម្បីជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងអស់នេះជាសញ្ញាវិជ្ជមានដែលស្តែងចេញពីសកម្មភាពជួយគ្នានៅក្នុងសង្គមខ្មែរ នៅក្នុងទិសដៅមួយដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ។ យ៉ាងណាក៏ដោយដើម្បីឱ្យខ្មែរជួយខ្លួនឯងក៏ដូចជាខ្មែរជួយខ្មែរនោះឱ្យមានភាពរហ័សស្ទុះទៅមុខ វាទាមទារឱ្យមានការចូលរួមឱ្យបានកាន់តែខ្លាំងថែមទៀតពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រសិនជាខ្មែរម្នាក់ៗ ចេះជួយខ្លួនឯងគ្រប់គ្រាន់ហើយបូកបញ្ចូលនឹងចលនាខ្មែរជួយខ្មែរទៀត វាមិនត្រឹមតែអាចជួយសង្គមខ្មែរស្ទុះលឿនទៅមុខក្នុងផ្លូវវិជ្ជមានប៉ុណ្ណោះទេ វាថែមទាំងអាចរក្សាបាននូវសន្តិភាពសង្គម និងឯកភាពជាតិខ្មែរ ដែលជាចំណុចគន្លឹះ ចំណុចខ្លាំងបំផុតរបស់ជាតិខ្មែរទាំងមូល។
មើលវិដេអូខាងក្រោមៈ
https://www.facebook.com/PNNTVNews/videos/616939585146568/

អរគុណ ស៊ីផុយ សំរាប់ការចែករំលែកនេះ។ ខ្ញុំសូមបន្ថែមនូវគំនិតខ្លះៗក្នុងប្រធានបទ ខ្មែរ ជួយ ខ្មែរ ដូចខាង ក្រោមនេះ។
ការបាត់បង់ព្រលឹង
ការជួយអាស្រ័យគ្នាជាព្រលឹងរបស់ខ្មែរ។ ព្រលឹងនេះត្រូវបានញាំញីដោយល្បែងដើម្បីអំណាចរបស់អ្នកដឹកនាំខ្មែរ ជាច្រើនជំនាន់មកដែលធ្វើអោយខ្មែរលែងទុកចិត្តគ្នា ស្អប់គ្នា កាប់សំលាប់គ្នា រហូតដល់បាក់ស្បាត ចង់តែនៅស្ងៀមសំងំសុខ មិនចង់រវីរវល់ដល់អ្នកដទៃ ហើយក៏មិនចង់អោយអ្នកដទៃរវីរវល់ខ្លួនដែរ និយាយអោយចំ សក់អាណាក្បាលអាហ្នឹង!
យុទ្ធនាការស្វែងរកព្រលឹង
ការបាត់បង់ព្រលឹងនេះ ជាលទ្ធផលធ្វើអោយសង្គមខ្មែរក្លាយទៅជាសង្គមដ៏ផុយស្រួយ អំពើពុករលួយ ចលនាជ្រុលនិយម និងគំលាតរវាងអ្នកក្រីក្រ និងអ្នកមានជាដើម។ មនុស្សសម័យថ្មីយល់យ៉ាងច្បាស់ថា បើយើងមិនអាចរកព្រលឹងនេះមកវិញទេ សង្គមខ្មែរច្បាស់ជាបែកខ្ទេចគ្មានសល់ដូច អាចម៍គោត្រូវឡានកិនជាមិនខាន។ ដូចនេះហើយ គេឃើញពាក្យថា ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរតែមួយ ឬខ្មែរដូចគ្នាស្ទើរគ្រប់ទីកន្លែង តាំងពីក្នុង Facebook page ឬ Account រហូតដល់ក្នុងបទចំរៀង។
យុទ្ធនាការនេះជាយុទ្ធនាការដ៏លំបាក និងត្រូវការពេលដ៏វែង ប៉ុន្តែទោះជាយ៉ាងណា ផលផ្លែផ្តារបស់វាក៏បានចេញបណ្តើរហើយដែរ។ ខ្មែរសព្វថ្ងៃចេះយកអាសារគ្នាជាងមុន ជួយផ្តល់ឈាម ជួយមន្ទីរពេទ្យជាដើម។ ក្នុងយុទ្ធនាការដង្ហែរសពលោកបណ្ឌិត កែមឡី ខ្មែរមួយចំនួនជួយតាមលទ្ធភាព ជាទឹក ជាបាយ ជាសាំងដល់អ្នកដែលត្រូវការ ដែលនេះហើយជាអ្វីដែលយើងហៅថាព្រលឹងខ្មែរ។
តើគួរចាប់ផ្តើមយ៉ាងណា?
អត្តាហិអត្តនោនាថោ ពាក្យដែលតាចឺមបានផ្តាំទៅចៅចិត្រមុនពេលគាត់ស្លាប់ទៅ មិនមែនជាពាក្យបណ្តាំអោយក្លាយជាមនុស្សអាត្មានិយមទេ តែតាចឺមយល់ច្បាស់ថា មុននឹងអាចជួយគេបាន ទាល់តែចៅចិត្ររំដោះខ្លួនពីភាពក្រីក្រ ឬយ៉ាងហោចណាស់តាមញ៉ែឃុននារីបានសិន ដែលនិយាយអោយខ្លីទៅគឺ ខ្មែរត្រូវជួយខ្លួនឯងសិន ជាចាំបាច់ នេះជាក្រមដំបូងបំផុត។
ដើម្បីអោយមនុស្សម្នាក់អាចរីកចំរើនទៅមុខបានត្រូវមានធាតុផ្សំ៣យ៉ាងគឺ សមត្ថភាពបុគ្គល ថាមពលបុគ្គល និងសេរីភាពបុគ្គល។
ជួយតាមរយៈណា?
ជួយតាមសទ្ធា ជួយទៅតាមលទ្ធភាពដែលខ្លួនធ្វើបាន មិនមែនជួយដល់អស់គូថខោ ដូចតាៗជួយសង់វិហារ ដើម្បីថានឹងបានស្រណុកនៅជាតិក្រោយនោះទេ។ យើងអាចជួយបានតាមគ្រប់រូបភាព កាន់តែមានប្រសិទ្ធភាព កាន់តែប្រសើរ។ ជួយជាលក្ខណៈ វិនិយោគលើអនាគតកាន់តែប្រសើរ ដូចជា ​ជួយលើការសិក្សារ ជួយកុមារ ផ្តល់សៀវភៅចាស់ៗ ដល់បណ្តាល័យ ឬផ្តល់ អាហារូបកណ៍សិក្សាដល់សិស្សក្រីក្រ ម្នាក់ពីរ នៅតាមសាលាដែលយើងធ្លាប់រៀនជាដើម។ល៕

សុំមានយោបល់ប៉ុណ្ណឹង...ទៅញ៉ាំបាយសិន៕៕៕៕៕៕
  • Nutrino


អរគុណ Nutrino....សម្រាប់គំនិតល្អៗ។

ឆ្លើយតប