ជំរាបសួរអ្នកទាំងអស់គ្នា!
ខ្ងុំសូមធ្វើការរីវីយូ(Review) នូវដំណើរកំសាន្តមួយ ដែលខ្ញុំនិងមិត្តភក្តិបានទៅដើរកំសាន្តកាលពីថ្ងៃសំរាក បុណ្យទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែ ឧសភា កន្លងទៅនេះ ដើម្បីជាការចែកគ្នា។

ដំណើរកំសាន្តនេះមានរយៈពេលបីថ្ងៃ ដោយយើងចេញដំនើរពីទីក្រុងបាងកក ដោយរថយន្តឈ្នួល ឆ្ពោះទៅ ទីក្រុងផាត់ថាយ៉ា តែម្តង ដោយមានចំងាយផ្លូវប្រមាណ ១៤០ គីឡូម៉ែត្រ។
តំលៃសំបុត្រពី ទីក្រុងបាងកក ទៅទីក្រុងផាត់ថាយ៉ាដោយរថយន្តឈ្នួល មានតំលៃ ១៣០បាតម្នាក់ (ប្រមាណ ៤ ដុល្លាអាមេរិក) រថយន្តឈ្នួលអង្គុយបានគ្នា ១៥ នាក់។
យើងបានរៀបចំកក់ទុកមុនជាស្រេច នូវកន្លែងស្នាក់នៅតាមរយៈគេហទំព័រ booking.com ដែលផ្តល់ជាសេវាកម្មកក់កន្លែងស្នាក់នៅ យ៉ាងងាយស្រួល មានជាផ្ទះសំណាក់ និងសណ្ឋាគារធំៗ អោយយើងជ្រើសរើស ជាច្រើន តាមប្រព័ន្ធអុីធឺណេត អ្វីដែលកាន់តែពិសេសសំរាប់ booking.com នោះគឺ វាមិនតំរូវអោយយើង មានកាតឥណទាន (ក្រេឌីតកាត) ឡើយ ព្រោះយើងមិនចាំបាច់បង់ប្រាក់មុន ឬបង់ថ្លៃសេវាកម្មអ្វីទាំងអស់ យើងអាចបង់ប្រាក់នៅពេលដែលយើងទៅដល់ កន្លែងស្នាក់នៅនោះតែម្តង។ បើប្រៀបធៀបទៅនឹង គេហទំព័រ អាហ្គូដា (agoda.com) វិញ booking.com ផ្តល់អោយអ្នកប្រើប្រាស់ នូវភាពងាយស្រួលជាង និងការចំណេញថវិការច្រើន។

ផ្ទះសំណាក់ដែលយើង បានកក់នោះ តំលៃ ៩៦០ បាត ក្នុងមួយយប់ (ប្រមាណ ៣០ ដុល្លាអាមេរិក)៖
- ឈ្មោះ Sunshine Guesthouse សិ្ថតនៅ Jomtien soi 4 Nongprue Banglamung Chonburi, 20150 Jomtien Beach, Thailand
- ទំហំ ៣៨ ម៉ែត្រការ៉េ
- គ្រឿងសង្ហារឹម មានសាឡុង ទូរទស្សន៍ ទូខោអាវ ទូដែក គ្រែធំ រានហាលខាងមុខ(មានតុ និងកៅអីអង្គុយលេង) ម៉ាសុីនត្រជាក់ កង្ហារធំនៅលើពិដាន បន្ទប់ទឹក(ផ្កាឈូក ទឺកក្តៅ...) ទូទឹកកក ចង្កៀងបំភ្លឺពេលយប់ និងមានកាតសុវត្ថិភាពពេលចេញចូល។
- ទីតាំងក្បែរនោះ មិនសូវជាអ៊ូរអរខ្លាំងឡើយ តែមានឆ្នេរសមុទ្រនៅក្បែរ និងហាងម្ហូបថៃ ម្ហូបបរទេស និងម្ហូបសមុទ្រជាច្រើននៅជាប់ផ្លូវ ហើយក៏មានហាងលក់របស់របរ ប្រើប្រាស់ប្រចាំថ្ងៃនៅម្តុំៗនោះច្រើនដែរ។

ថ្ងៃទីមួយ៖ ពួកយើងបានចេញដំនើរ ទៅបេនឡានក្រុងនៅម៉ោងប្រមាណ ១០ ព្រឹក ត្រូវការរយៈពេល ប្រមាណ ៣០ នាទីទើបទៅដល់ទីនោះ។ ក្រោយពីទិញសំបុត្រឡានរួចរាល់ហើយ យើងក៏រង់ចាំរហូតដល់ ម៉ោង ១១ ព្រឹកទើបបានឡើងឡានចេញដំណើរទៅផាត់ថាយ៉ា។
 

(រូប) បេនឡាន Bangkok Bus Terminal នៅក្បែរចំណតរថភ្លើង BTS Ekkamai
 

(រូប) កន្លែងទិញសំបុត្រឡាន សំគាល់ចំណតគោលដៅនីមួយៗ ដោយឈ្មោះនៅលើក្តារខៀន

បន្ទាប់ពីធ្វើរដំនើរប្រមាណ ៣ ម៉ោង ពួកយើងក៏បានមកដល់ផ្ទះសំណាក់។​ 
 

(រូប) ផ្ទះសំណាក់ស្អាត មានរបៀបរៀបរយ ម៉ាសុីនត្រជាក់ក៏ដំណើរការល្អ


(រូប) ទេសភាពពីរានហាល ខាងក្រៅបន្ទប់ (ឃើញផ្ទះសំណាក់ផ្សេងទៀត)


(រូប) នៅតាមផ្លូវ ក្បែរកន្លែងស្នាក់នៅ




(រូប) មុខម្ហូបពេលល្ងាច មាន​ Fried Seafood in Curry Powder, ត្រីដុតអំបិល ទឹកក្រឡុកឪឡឹក និង ទឹកក្រឡុកដូង




(រូប) ទេសភាពឆ្នេរ ចមធៀន ពេលល្ងាច


(រូប) ជួលកន្លែងអង្គុយ មួយកន្លែង ៤០ បាត ដូងមួយក៏ ៤០ បាត ដែរ

ថ្ងៃទីពីរ៖ ជាថ្ងៃពិសេស ពួកយើងមិនបានដើរលេងទៅណាទេនៅពេលព្រឹក ព្រោះត្រូវរង់ចាំមើលប្រដាល់ពិភពលោកគូល្បី Pacquiao និង Mayweather ប៉ុន្តែសុំទៅទិញកាហ្វេញាំុបន្តិចសិន


(រូប) ហាងកាហ្វេតូច នេះនៅក្បែរកន្លែងពួកយើង ស្នាក់នៅ មានលក់នំចំណីញាំុ ជាមួយនិងកាហ្វេ បន្តិចបន្តួច


(រូប) កាហ្វេនេះរសជាតិភ្លែក ជូរៗ មិនដឺងជាគ្រាប់កាហ្វេ ម៉ាកអីទេ


(រូប) វគ្គ​អង្គុយមើលប្រដាល់រវាង Pacquiao និង Mayweather គួរអោយសោកស្តាយដែល Pacquiao ចាញ់ការប្រកួត

ថ្ងៃត្រង់ហើយ ទិសដៅបន្តរបស់ពួកយើង គឺ កោះឡាន (Koh Larn)
កោះឡាន ជាកោះមួយនៅទល់មុខនិង​ផាត់ថាយ៉ា ហើយជាកន្លែងទាក់ទាញទេសចរ​ណ៍មួយដ៍សំខាន់ នៃទីក្រុងផាត់ថាយ៉ា


(រូប)​ បញ្ជរលក់សំបុត្រទូកទៅកោះឡាន តំលៃសំបុត្រ ៣០ បាត ម្នាក់សំរាប់ទូកធម្មតា
 

(រូប) ដំណើរតំរង់ទៅជិះទូក


(រូប) ទូកចាប់ផ្តើមចេញដំណើរហើយ

ជិះទូកប្រមាណជាមួយម៉ោងទើបបានទៅដល់កោះឡាន


(រូប) សួស្តីកោះឡាន (ទំរាំតែមកដល់ ពុលទូកដល់ក)


(រូប) កោះឡាន បើតាមភាសារខ្មែរ គឺកោះលាន (កោះរាប់លាន? រយលាន?)


(រូប) នេះជាផែនទីកោះឡាន និង ឆ្នេរសំខាន់ៗ ដែលស្ថិតនៅជុំវិញកោះ សង្ឃឹមថាមិនធ្វើអោយពួកខ្ញុំ ខុសបំនងទៅចុះ

ជាទំលាប់ អ្នកទេសចរណ៍ ទៅកោះឡាន តែងតែជួលម៉ូតូ ដើម្បីជិះលេងពីឆ្នេរមួយទៅឆ្នេរមួយទៀត ឬក៏ជិះមើលទេសភាពជុំវិញកោះ។ ម៉ូតូឌុបនៅទីនោះ ក៏អាចជូនយើង ទៅឆ្នេរនីមួយៗបានដែរ តែវាអាចថ្លៃជាង យើងជួលជិះខ្លួនឯង។ តំលៃជួលម៉ូតូ គឺ ៣០០ បាត ក្នុងមួយថ្ងៃ ហើយ អាចរកជួលបាននៅក្បែរកំពង់ទូកតែម្តង។



ឆ្នេរដំបូងដែល យើងចង់ទៅ គឺ ឆ្នេរនួល (Nual Beach)




(រូប) ឆ្នេរនួល ស្អាត តូចល្មម បរិយាកាសល្អ

ឆ្នេរបន្ទាប់គឺ ឆ្នេរធៀន (Thien Beach)










(រូប) ឆ្នេរធៀនធំ​ មានភ្ញៀវទេសចរណ៍ មកលេងកំសាន្តច្រើនជាងឆ្នេរនួល

កន្លែងមើលទេសភាព (View point)
នៅកន្លែងមួយ​ដែលគួរអោយ ចាប់អារម្មណ៍នៅលើកោះឡាន គឺកន្លែងមើលទេសភាព។ ដំបូងឡើយ ពួកយើងមិនដឹងថា មើលទេសភាពយ៉ាងម៉េចទេ ពេលមកឃើញ ទើបដឺងថា កន្លែងនោះស្ថិតនៅទីដ៏ខ្ពស់មួយ ដែលមានបង្កាន់ដៃកាន់ឈរមើល ទៅឃើញឆ្នេរធំៗបីជាប់គ្នា គឺឆ្នេរតាវែន  ឆ្នេរសាំងវ៉ាន និងឆ្នេរថងឡាង។


(រូប) ឆ្នេរទាំងអស់នេះ ជាឆ្នេរដែលអ៊ូរអរ និងពេញនិយមបំផុត សំរាប់ភ្ញៀវទេសចរណ៍ មកកោះឡាន

ការធ្វើដំនើរដោយខ្លួនឯង ដោយម៉ូតូជួល នៅកោះនេះទាមទារអោយ អ្នកចេះជិះម៉ូតូស្ទាត់ជំនាញ មានការប្រុងប្រយ័ត្ន និងមានសេចក្តីក្លាហាន ព្រោះថាផ្លូវលើកោះ គឺស្រដៀងគ្នានិងផ្លូវភ្នំដែរ មានឡើង និងមានចុះ។ កាលណាមានផ្លូវឡើងខ្ពស់ខ្លាំងពេលទៅ នោះនឹងមាន ផ្លូវទាលខ្លាំងនៅពេលត្រឡប់។ ចំពោះអារម្មណ៍ខ្ញុំវិញ ព្រលឹងចុងសក់ម្តងៗ ពេលជួបផ្លូវទាលខ្លាំងចុះក្រោមម្តងៗ។


(រូប) នេះជាផ្លូវឡើង


(រូប) ហើយនេះជាផ្លូវចុះ

ឆ្នេរមួយទៀត ដែលម្ចាស់ម៉ូតូបានណែនាំអោយទៅលេង គឺឆ្នេរ​សាមែ (Samea Beach)


(រូប) ផ្លូវចូលទៅឆ្នេរសាមែ មានការតុបតែងច្រើន ជាងឆ្នេរដទៃទៀត




(រូប) ទេសភាពឆ្នេរសាមែម្តុំម៉ោង ៥ ល្ងាច មិនសូវអ៊ូរអរប៉ុន្មានឡើយ

ថ្ងៃទីបី៖ ពួកយើងរៀបចំ ចេញដំនើរត្រឡប់ទៅទីក្រុងបាងកកវិញ នៅពេលព្រឹក។ បើសរុបពីការចំនាយទៅ គឺក្នុងម្នាក់ចំនាយអស់ ប្រហែល ៣០០០​ បាត សំរាប់ការធ្វើដំនើរនេះ។